ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋគាំទ្រ ! ខណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកមន្ត្រី និងសមត្ថកិច្ចក្រោមឱវាទចេញ បើ​នៅ​មូលដ្ឋាន​ខ្លួន​មាន​ល្បែង​ស៊ីសង​ខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អភិបាល​ខេត្តកំពង់ឆ្នាំង បានព្រមានដកមន្ត្រី និងសមត្ថកិច្ចនៅក្រោមឱវាទ​របស់​ខ្លួន​ចេញ​ពីតំណែង ប្រសិន​​បើមន្ត្រីណាម្នាក់ មិនអើពើនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែល​បាន​កើត​ឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ 

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស៊ុន សុវណ្ណារិទ្ធិ បានព្រមានបែបនេះ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានការចូលរួមពីមន្ត្រីឃុំសង្កាត់ អភិបាល​ក្រុង​ស្រុក និងសមត្ថកិច្ចនៃកងកម្លាំងទាំង៣។

ក្នុងកិច្ចប្រជុំនេះ លោកបានបន្តទៀតថា បញ្ហា​ល្បែង​ស៊ីសង​ខុស​ច្បាប់​នៅ​តាម​បណ្តា​ឃុំ​សង្កាត់​ទាំង​អស់ក្នុងខេត្ត គឺមិនអាចបិទភ្នែកលោក លោកស្រីមេឃុំចៅសង្កាត់ ឬលោក​មេ​ប៉ុស្តិ៍​ទាំង​អស់​នោះទេ​ លើកលែងតែអស់លោកមិនធ្វើការងារនេះ។ កន្លងមក នៅតាម​ហាង​កាហ្វេ​គុយ​ទាវ​មួយ​ចំនួន​ក្នុង​ខេត្ត គឺឃើញមានអ្នកលេងចាក់កន្ទុយលេខ មានអ្នកលេងឆ្នោត ឬក៏ជល់​មាន់​តាម​ប្រព័ន្ធ​ទូរទស្សន៍​ជាដើម ដែលបញ្ហានេះ មិនត្រូវអោយមានតទៅទៀតឡើយគិតចាប់ពីថ្ងៃនេះតទៅ។ ប្រសិនបើនៅក្នុងដែនសមត្ថកិច្ចរបស់អ្នកណាកើតមាន អ្នកនោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទាំង​មេ​ឃុំ​ចៅ​សង្កាត់ មេប៉ុស្តិ៍ ចៅហ្វាយស្រុកក្រុង និងអភិបាលរងខេត្តផងដែរ។

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបិទបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រាជធានី-ខេត្ត បង្ក្រាបបនល្បែងស៊ីសង និងព្រមានដកតំណែងប្រសិនបើ គ្មានករណីបង្ក្រាបនៅក្នុងមូលដ្ឋានដែលខ្លួនកាន់កាប់។ 

ដោយឡែកនៅក្នុងអង្គប្រជុំខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបន្ថែមថា ចំពោះ​កិច្ច​ការងារ​ទាំង​អស់​នៅ​តាម​មូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ដាច់ខាត និងត្រូវអនុវត្តទៅតាមច្បាប់។ ម្យ៉ាង​វិញ​ទៀត​ចំពោះ​បទ​ល្មើសនេសាទ ត្រូវតែយកចិត្តទុកដាក់បន្តបង្ក្រាបតទៅទៀត ព្រោះយើងមានសម្ភារៈ និង​មធ្យោបាយគ្រប់គ្រាន់ក្នុងការបង្ក្រាប។ ពិនិត្យ​មើល​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​អោយ​បាន​ហ្មត់​ចត់ មិនត្រឹមតែមើលលើល្បែងស៊ីសងខុសច្បាប់ បទល្មើសនេសាទនោះទេ ត្រូវមើល​តាំង​ពី​ចោរ​កម្ម មើលចំពោះសេវាសាធារណៈ ការអភិវឌ្ឍន៍ និងកិច្ចការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ១៩ ជូន​ប្រជាពលរដ្ឋអោយបានទូលំទូលាយដល់សហគមន៍របស់ខ្លួនផងដែរ។

លោកបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពតម្លាភាព និង​ជឿ​ទុក​ចិត្ត​។​ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ។ មាន​សណ្តាប់​ធ្នាប់​ល្អ ពិសេសមិនមានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការ ជួញដូរ​មនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង។ ដោះស្រាយ​វិវាទ​នៅ​ថ្នាក់​មូល​ដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​ប្រសិទ្ធិភាព។ មានអនាម័យ សោភ័ណ្ឌភាព និងបរិស្ថានល្អ។ ឆ្លើយតបបានទាន់ពេល ចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ។បើតាមក្រសួងមហាផ្ទៃ ទោះបីមានសន្តិភាព ស្ថិរភាព​យ៉ាង​រឹងមាំ ប៉ុន្តែសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋ និង​ការ​ផ្តល់​សេវា​ចាំ​បាច់​នានា នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បី​ធានា​ឲ្យ​ជន​គ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និង​សុខ​ដុមរមនា។

សូមបញ្ជាក់ផងដែរថា, អាជ្ញាធររាជធានី- ខេត្ត ក្រោយសម្ដេចតេជោ ហ៊ុនសែន ចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសបនល្បែងស៊ីសង គឺបើកយុទ្ធនាការបង្ក្រាបស្ទើរក្របខណ្ឌទូទាំងប្រទេស ក្នុងនោះថែមទាំងបង្កើតក្រុមការងារដឹកនាំបង្ក្រាប ដែលសកម្មភាពទាំងអស់នេះ ធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ ខណៈអំពើបទល្មើសឆក់ ប្លន់ ផ្សេងៗត្រូវបានលុបបំបាត់ ធ្វើឲ្យភូមិ- ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ក្រោមម្លប់សន្តិភាព៕

ដោយ ៖ សហការី


ចែករំលែក៖