ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រោយទទួលបានព័ត៌មាន ពាក់ព័ន្ធនគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលគួចកាណុង ដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យនោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវលើករណីនេះ។
លោកបន្តថា, លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវករណីមន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់គួចកាណុង ដែលផាកពិន័យប្រជាពលរដ្ឋ ហើយគាត់គ្មានលុយ តែបែរជាមន្ដ្រីនគរបាលនៅគោលដៅនោះ ដឹកម្ចាស់ម៉ូតូដើម្បីយកទូរស័ព្ទទៅបញ្ចាំដើម្បីបានលុយមកបង់ប្រាក់ផាកពិន័យ។
បើតាមលោកវរសេនីយ៍ សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមឯកឧត្តមស្នងការ គាត់មិនដែលលើកលែងហើយក៏មិនដែលអនុគ្រោះឲ្យមន្ដ្រីអនុវត្តខុសរបៀបនេះឡើយ ឲ្យតែខុសយើងត្រូវអនុវត្តតាមវិន័យ ខុសយើងត្រូវតែដាក់ពិន័យ ប៉ុន្ដែបើមន្ដ្រីធ្វើល្អ យើងតែងតែមានការលើកសរសើរផ្ដល់ឋានន្ដរស័ក្ដិ និងតួនាទីជាដើម តែបើខុសយើងត្រូវតែអនុវត្តវិន័យកងកម្លាំង»។
សូមបញ្ជាក់ថា, អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានអះអាងទៀតថា ជុំវិញករណីនេះមន្ដ្រីនគរបាលជំនាញ កំពុងស្នើសុំកិច្ចសហការពីប្រជាពលរដ្ឋ ដើម្បីទៅចង្អុលបង្ហាញផ្ទាល់នៅគោលដៅដែលគាត់ត្រូវបានផាកពិន័យ ជាពិសេសមន្ដ្រីនគរបាលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យតែម្ដង។
គួរជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគួចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។ ករណីនេះក៏បានបង្ហោះលើfackbook ព្រោងព្រាតតែម្តង។
ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០ រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ។ ដំណោះស្រាយនេះ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។
រឿងរ៉ាវនេះបានបន្សល់នូវការងឿងឆ្ងល់យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Facebook ដោយប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវការហួសចិត្ត និងមិននឹកស្មានថា ការអនុវត្តច្បាប់ចរាចរណ៍របស់មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលគួចកាណុងម៉ឺងម៉ាត់ដល់ថ្នាក់នេះ រហូតនាំអ្នកដែលត្រូវផាកពិន័យ ដើម្បីបញ្ចាំទូរស័ព្ទ ហើយយកលុយមកបង់ប្រាក់ពិន័យដែលមិនបានពាក់គន្លឹះមួកសុវត្ថិភាព។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែអបរំ និងណែនាំជាប្រចាំឲ្យកងកម្លាំងនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ដោយមានភាពម៉ឺងម៉ាត់ តែទន់ភ្លន់ជាមួយប្រជាជន ដោយភ្ជាប់ជាមួយការអប់រំណែនាំផងដែរ។
សូមជំរាបជូនថា, ទាំងនាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ តែងធ្វើការណែនាំឲ្យមន្ត្រីចរាចរណ៍នគរបាលយុត្តិធម៌ អនុវត្តច្បាប់ឲ្យសមស្របតាមគោលការណ៍ដែលអង្គភាពធ្វើការកំណត់ ដោយមិនមានការធ្វើលើសលប់ទៅនឹងការអនុវត្តច្បាប់ដែលមានស្រាប់នោះឡើយ៕
ដោយ ៖ សហការី