ខេត្តព្រះសីហនុ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង លោក ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃអង្គារទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនអតីតយុទ្ធជននៅខេត្តព្រះសីហនុ ចំនួន២០០ គ្រួសារ ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ។
នាយឧត្តមសេនីយ៍គន់គីម បានពាំនាំយកនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជា មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឱ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ លោកបានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។
នៅក្នុងពិធីសំណេះសំណាលនេះ លោកទេសរដ្ឋមន្ត្រី បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ឧបត្ថម្ភជូនអតីតយុទ្ធជន ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន ២៥គីឡូក្រាម មីចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ស តារា