ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ទេសភាពដ៏ស្រស់ត្រកាលនៅរមណីយដ្ឋានធម្មជាតិភ្នំសំពៅ និងប្រវត្តិរឿងព្រេងទាក់ទងនឹងភ្នំនេះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានលើកពី ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ ដែលជាអតីតផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ នៃខេត្ត បាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ នៅខាងលិចទីរួមខេត្តបាត់ដំបងចម្ងាយប្រហែលជា១២គីឡូម៉ែត្រមានភ្នំជាច្រើនដែលនៅជិតៗគ្នាដូចជា ភ្នំសំពៅ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និង ភ្នំរំសាយសក់ជាដើម។ នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖

១. ល្អាងផ្កាស្លា

២. ល្អាងគក់ទ្រូង

៣. ល្អាងខ្យល់

៤. ល្អាង តែងខ្លួន

៥. ល្អាងល្ខោន

៦. ល្អាងជ្រៃ

៧. ល្អាងពេជ្រ

៨. ល្អាងខ្វែង

៩. ល្អាងប្រេង

១០. ល្អាងស្ថានីយ ឬ ល្អាងធំ

១១. ល្អាងក្បាលខ្មោច

១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។

ក្រសួងទេសចរណ៍ បានបន្តថា, នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។

អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍ អស្ចារ្យនេះ ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ៕

ដោយ : សហការី


ចែករំលែក៖