ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ព្យាករថា ក្លិបនឹងទទួលបានប្រាក់ចំណេញ២៧៤លានអឺរ៉ូនៅរដូវកាលនេះ

ចែករំលែក៖

ក្លិបយក្សនៅអេស្ប៉ាញ Barcelona បានអះអាងថា ខ្លួនបានកត់ត្រាប្រាក់ចំណេញចំនួន៩៨លានអឺរ៉ូ (៩៨.២៧លានដុល្លារអាមេរិក) សម្រាប់រដូវកាល២០២១-២០២២ ហើយព្យាករថា ប្រាក់ចំណេញនឹងកើនឡើង២៧៤លានអឺរ៉ូសម្រាប់រដូវកាល២០២២-២០២៣នេះ។

Barcelona ជាប់ចំណាត់ថ្នាក់លេខ២ក្នុងបញ្ជីវាយតម្លៃក្រុមបាល់ទាត់របស់ទស្សនាវដ្តី Forbes ជាមួយនឹងតម្លៃបច្ចុប្បន្ន៥ពាន់លានដុល្លារ នៅពីក្រោយគូប្រជែង Real Madrid ដែលមានតម្លៃ៥.១ពាន់លានដុល្លារ។ក្លិបបានប្រកាសថា ក្រុមប្រឹក្សាភិបាលរបស់ពួកគេបានអះអាងពីហិរញ្ញវត្ថុជាមួយនឹងចំណូលចំនួន១.០១៧ពាន់លានអឺរ៉ូ និងបានអនុម័តថវិកាប្រតិបត្តិការចំនួន១.២៥៥ពាន់លានអឺរ៉ូសម្រាប់រដូវកាលនេះ។

កាលពីដើមខែនេះ La Liga បានដំឡើងការកំណត់ការចំណាយរបស់ Barcelona ចំនួន៨០០លានអឺរ៉ូ ដែលនាំឱ្យក្លិបចេញពីឱនភាពនៃការចំណាយ បន្ទាប់ពីភាគីក្លិបបានលក់ទ្រព្យសម្បត្តិមួយចំនួនដើម្បីជួសជុលហិរញ្ញវត្ថុរបស់ពួកគេ។

ដើម្បីទូទាត់ការខាតបង់ និងគោរពតាមច្បាប់ហិរញ្ញវត្ថុរបស់ La Liga ក្លិប Barcelona បានលក់២៥ភាគរយនៃសិទ្ធិទូរទស្សន៍ក្នុងស្រុករបស់ពួកគេទៅឱ្យក្រុមហ៊ុនវិនិយោគអាមេរិក Sixth Street សម្រាប់រយៈពេល២៥ឆ្នាំខាងមុខក្នុងកិច្ចព្រមព្រៀងចំនួន២ដែលមានតម្លៃជាង៥០០លានអឺរ៉ូ។

ក្លិបបានរៃអង្គាសប្រាក់បន្ថែមចំនួន២០០លានអឺរ៉ូពីការលក់ភាគហ៊ុនសរុប៤៩ភាគរយនៅក្នុង Barca Studios ក្នុងប្រតិបត្តិការពីរដាច់ដោយឡែកពីគ្នា ខណៈដែលក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេលវែងជាមួយក្រុមហ៊ុនធំមួយគឺ Spotify នៅក្នុងខែមីនា។

ក្លិបក៏បានចំណាយប្រាក់ច្រើនជាង១៥០លានអឺរ៉ូក្នុងរដូវកាលនេះក្នុងការនាំយកកីឡាករ Robert Lewandowski, Raphinha និង Jules Koundeខណៈដែល Andreas Christensen, Franck Kessie, Hector Bellerin និង Marcos Alonso សុទ្ធតែបានមកដោយមិនមានតម្លៃខ្លួន ។

បច្ចុប្បន្នក្រុម Barcelona ឈរ​លេខ​២​ក្នុង​តារាង La Liga មាន​១៦​ពិន្ទុ​បន្ទាប់​ពី​ប្រកួត​៦​លើក ដោយ​តាម​ពី​ក្រោយ Real Madrid ២​ពិន្ទុ ៕

ដោយ៖ ភារៈ(Reuters/CNA)


ចែករំលែក៖