ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​ត្រូវ​បានហាម​មិន​ឱ្យប្រកួតព្រឹត្តិការណ៍បាល់ទាត់យូរ៉ូ២០២៤នៅអាល្លឺម៉ង់

ចែករំលែក៖

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បាន​បញ្ជាក់​ថា រុស្សី​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​លេង​ក្នុង​វគ្គ​ជម្រុះ Euro 2024 បន្ទាប់​ពី​ការ​លុកលុយលើប្រទេស​អ៊ុយក្រែន។ ប្រទេស និងក្លិបរបស់ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ពីការប្រកួត UEFA និង FIFA ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។

ការចាប់ឆ្នោតវគ្គជម្រុះសម្រាប់ Euro 2024 ដែលនឹងធ្វើជាម្ចាស់ផ្ទះដោយអាល្លឺម៉ង់នឹងប្រព្រឹត្តទៅនៅទីក្រុង Frankfurt នៅថ្ងៃទី៩ ខែតុលាខាងមុខ។

ប្រទេសរុស្ស៊ីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប៉ុន្តែការទាំងនេះត្រូវបានច្រានចោលនៅក្នុងខែកក្កដា។ ការសម្រេចចិត្តដំបូងក្នុងការហាមឃាត់ក្រុមរុស្ស៊ីត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបន្ទាប់មកត្រូវបានតម្កល់ដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡានៅថ្ងៃទី១៥ ខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ UEFA បានឲ្យដឹងថា “ដូច្នេះរុស្ស៊ីមិនត្រូវបានរាប់បញ្ចូលក្នុងការចាប់ឆ្នោតវគ្គជម្រុះ UEFA European Football Championship ២០២២-២០២៤”។

រុស្សុីក៏ត្រូវបានហាមប្រាមពីព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ហើយត្រូវបានដកចេញពីការប្រកួតជម្រុះក្នុងខែមីនាសម្រាប់ការប្រកួតនេះ។ ក្រុមបាល់ទាត់នារីរបស់ប្រទេសនេះត្រូវបានដកចេញពីការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅនេះ ដោយក្រុមព័រទុយហ្គាល់ទទួលជំនួស។

ភាគីក្លិបរបស់ប្រទេសត្រូវបានហាមប្រាមពីការប្រកួត Champions League, Europa League និង Europa Conference League រដូវកាលនេះជាមួយ UEFA ក៏បញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភរបស់ក្រុមហ៊ុន Gazprom ថាមពលរុស្ស៊ីផងដែរ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២២ ដែលដើមឡើយគ្រោងនឹងលេងនៅទីក្រុង St Petersburg ប្រទេសរុស្ស៊ី ត្រូវបាន UEFAផ្លាស់ទៅលេងនៅទីក្រុងប៉ារីស ប្រទេសបារាំងវិញ ដែលកាលណោះ Real Madrid ជាម្ចាស់ជើងឯក ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖