ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ ​៖ ចាត់​កម្លាំចម្រុះ​ចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ 

សូមជម្រាបថា​ ជាប្រចាំរៀងរាល់ថ្ងៃលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ នៅលេីផ្លូវជាតិលេខ​៤​ ក្នុងក្រុង-ខេត្តព្រះសីហនុផងដែរ។ 

ដោយឡែក​ នាពេលរាត្រី​ លោកស្នងការខេត្ត​ បានចាត់ឱ្យ​កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕

ដោយ​៖សហការី​


ចែករំលែក៖