ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ប្រគល់ជូនលោកយាយ សេង ផាន់ ជន្មាយុ ១០៥ឆ្នាំ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៩:៥៦នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន ប្រគល់ជូនលោកយាយ សេង ផាន់ ជន្មាយុ ១០៥ឆ្នាំ មានទីលំនៅភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ 

ក្នុងនោះគ្រឿងឧបភោគ បរិភោគ ថវិកាមួយចំនួន រួមមាន: អង្ករ ចំនួន ០១បាវ, ទឹកត្រៀកកាំ ០២យួរ, ទឹកដោះគោ ១០ដប, ម៉ាស់ ០៣ប្រអប់, ជែលលាងដៃ ០៥ដប, ថវិកា ៣០០.០០០រៀល និងថវិកាក្រុមគ្រួសារកងរាជអាវុធហត្ថមួយចំនួនទៀត។ 

បច្ចប្បន្នលោកយាយ សេង ផាន់ មានសុខភាពទ្រុឌទ្រោមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ សម្រាកនៅនឹងមួយកន្លែងងើបក្រោកមិនរួច ហើយរង់ចាំតែពេលវេលាមកដល់ចុងក្រោយ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រាប់ទៅកូនស្រីរបស់លោកយាយ វ័យ៧៤ឆ្នាំ នឹងទទួលចាត់ចែងរាល់ការចំណាយទាំងស្រុងក្នុងកម្មវិធីបុណ្យសពលោកយាយ ទៅតាមបែបប្រពៃណីសាសនាខ្មែរយើង។

សូមជម្រាបជូនថា ដោយមើលឃើញជាក់ស្តែងការខ្វះខាតផ្នែកជីវភាព ក្តីអាណិតអាសូរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តែងតែជួយចិញ្ចឹមផ្គត់ផ្គង់លើជីវិតរស់នៅប្រចាំថ្ងៃរបស់លោកយាយជារៀងរាល់ខែ (១ខែ/៤០០.០០០រៀល) រហូតដល់លោកយាយអស់ជន្មាយុ ៕

ដោយ ៖ សហការី


ចែករំលែក៖