ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតា បាឡែន បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ម៉ូតូបុកពីក្រោយស្របគ្នារងរបួសប្ដីប្រពន្ធ២នាក់ផ្អើលអ្នកភូមិទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តតូយ៉ូតា បាឡែន បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ម៉ូតូបុកពីក្រោយស្របគ្នាពេញទំហឹងបណ្ដាលឱ្យរងរបួសប្ដីប្រពន្ធ២នាក់ផ្អើលអ្នកភូមិទាំងក្បាលល្ងាច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីល្ងាច ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២២  លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រ៣២និង៣៣ ស្ថិតនៅត្រង់ចំណុចភូមិអារក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាអ្នករងគ្រោះមានឈ្មោះ ឈុំ ឃុន  អាយុ ២៧ឆ្នាំ មុខរបរ កសិករ និងប្រពន្ធឈ្មោះ មុំ អូន  អាយុ ២៤ឆ្នាំរស់នៅភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ជិះ ម៉ាក ហុងដា សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ងិន សាវ៉ាត   អាយុ ៤៦ឆ្នាំ មុខរបរ គ្រូបង្រៀននិងអ្នករួមដំណើរត្រូវជាប្រពន្ធមានឈ្មោះ កែវ សុភា  អាយុ ៤៤ឆ្នាំ អ្នកទាំង២រស់នៅភូមិបុស្សគគីរ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង បើករថយន្ត ម៉ាក តូយ៉ូតា បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង ២A៤២៤៦ ។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង ២A៤២៤៦ ដោយធ្វើដំណើរពីទិសខាងត្បូងមកជើងហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការផ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។

ក្រោយមកអ្នករងរបួសធ្ងន់ ត្រូវជាប្រពន្ធ ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ចូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ។

ចំណែកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖