ទីក្រុងញូវយ៉ក ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃសន្និសីទស្ដីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (Conference on Interaction and Confidence Building Measures in Asia – CICA) នៅ Millennium Hilton New York One UN Plaza ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានពិភាក្សាយ៉ាងស៊ីជម្រៅពីឯកសារលទ្ធផល និងការត្រៀមរៀបចំកិច្ចប្រជុំកំពូល CICA លើកទី៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងនុល-ស៊ុលតង់ សាធារណរដ្ឋកាហ្សាក់ស្ថាន។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា, នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ Carlos Alberto Franco França រដ្ឋមន្រ្តីការបរទេសប្រេស៊ីល ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧។ ជួបពិភាក្សាទ្វេភាគីជាមួយ លោកបណ្ឌិត Mamadou Tangara រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្គាំប៊ី។ ជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសដែលឯកឧត្ដមស្នាក់នៅទីក្រុងញូវយ៉ក។ ជួបពិភាក្សាការងារជាមួយ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧។
បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ៕.
ដោយ : សិលា