ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បង្ហាញពីស្រឡាញ់កូន១តៅ ស្រឡាញ់ចៅ១ថាំង នាមហាសន្និបាតលើកទី៧៧នៃអង្គសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញពីស្រឡាញ់កូន១តៅ ស្រឡាញ់ចៅ១ថាំង នាមហាសន្និបាត លើកទី៧៧នៃអង្គសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ខណៈមានវត្តមានចៅទាំង២ អមដំណើរ ដើម្បីរៀនការងារ។ 

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, បន្ទាប់ពីជួបពិភាក្សាជាមួយអគ្គលេខាអង្គការសហប្រជាជាតិនិងជាមួយនាយកUNDP ឆ្លៀតឱកាសមកស្តាប់សេចក្តីថ្លែងការរបស់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាតលើកទី៧៧នៃអង្គសហប្រជាជាតិ។

សម្តេចបង្ហោះលើផេកផ្លូវការមុននេះ ១០នាទី ដោយថ្លែងថា, សម្រាប់ខ្ញុំនឹងឡើងថ្លែងការនៅព្រឹកស្អែកថ្ងៃ23/9/2022។

សូមបញ្ជាក់ថា, វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំនៃសហរដ្ឋអាមេរិក ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងមន្ត្រីពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។

សូមជម្រាបថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា”ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញាឆ្នាំ២០២២នៅទីក្រុងញូវយ៉ក។

សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជានៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នាជាមួយលោក អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកជំទាវ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖