ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖ ‘’ បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៣នេះបានហើយ‘’

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែង​នៅព្រឹកថ្ងៃ​សុក្រ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះគឺជាថ្ងៃទី១ នៃការចាប់ផ្ដើមដំណើរការសេវារថយន្តក្រុងសាធារណៈ ដែលរៀបចំឡើងដោយសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយរដ្ឋបាលរាជធានីភ្នំពេញរៀបចំ រថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣នេះ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ដែលក្នុងនោះ ៖

១)សម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុង ៥៥គ្រឿង ។

២. សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅតាមបណ្ដាខេត្ត និងត្រលប់មករាជធានីភ្នំពេញវិញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង ដោយចេញដំណើរចាប់ពីម៉ោង ៥:៣០នាទីព្រឹក។ ចំពោះទីតាំងចេញដំណើរទៅតាមបណ្តាខេត្ត សូមមើលតារាងកម្មវិធីដូចបានភ្ជាប់ជូន។

ម្យ៉ាងវិញទៀត សូម ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឯកជនទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទៅស្រុកកំណើត និងការធ្វើដំណើរទៅទីតាំងកម្សាន្តនានា ក៏ដូចជាការជួបជុំក្នុងគ្រួសារ ជាពិសេសសូមយកចិត្តទុកដាក់ថែរក្សាការពារសុខភាពទាំងអស់គ្នា ពិសេសត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ៕

ដោយ​៖ស​ តារា​


ចែករំលែក៖