ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ បានសុំឱ្យក្រុមហ៊ុនទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកចិត្តទុកដាក់ធានានូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ និងធានាសុវត្ថិភាពជូនដល់សាធារណៈជន ។
នេះជាការបញ្ជាក់របស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាតំណាងរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករងទីចាត់ផែនការ និងវិធិយោគរាជធានីភ្នំពេញ, លោកអនុប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, លោកនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័/អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១, លោក-លោកស្រីលទ្ធកម្មសង្កាត់ទាំង០៥, លោក-លោកស្រីប្រធានភូមិទាំង៣៨, លោក-លោកស្រីតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃ និងមន្ត្រីពាក់ព័ន្ធ។
លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌចំការមន បានអោយដឹងថា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌ បានដំណើរការដេញថ្លៃគំរោងរបស់សង្កាត់ទាំង៥ ដូចជាការជួសជុលផ្លូវ ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម ។ ក្នុងនោះសង្កាត់ទន្លេបាសាក់ ដេញថ្លៃគំរោងជួសជុលដាក់លូដោះទឹកមូល ២ខ្សែ និងផ្លូវបេតុងគ្មានសរសៃដែក(គ្រឹះថ្មមិច) ។ សង្កាត់បឹងត្របែក ដេញថ្លៃគំរោង ជួសជុលដាក់ប្រព័ន្ធលូដោះទឹកមូល ។ សង្កាត់ទួលទំពូង១ ដេញថ្លៃគំរោង ដាក់លូមូលរំដោះទឹក និងចាក់បេតុងកម្រាស់ ៧០មម ដោយចាក់បេតុងកាត់ថ្នល់ ៣កន្លែង ។ សង្កាត់ទួលទំពូងទី២ ដេញថ្លៃគំរោង ៖ ជួសជុលដាក់លូដោះទឹកមូល២ខ្សែ ចាក់បេតុងផ្លូវ និងស្លាកសញ្ញាគម្រោង១កន្លែង។ សង្កាត់ផ្សារដើមថ្កូវ ដេញថ្លៃលើគំរោង ជួសជុលដាក់លូដោះទឹកមូល១ខ្សែ ចាក់ផ្លូវបេតុង១ខ្សែ និងស្លាកសញ្ញាគម្រោង១កន្លែង។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះ ចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។
លោក នួន ផារ័ត្ន ក៏បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។
លោក អភិបាលរង បានលើកឡើងថា ថវិកាអភិវឌ្ឍន៍សង្កាត់នៅមានកម្រិត ដូច្នេះសូមប្រើប្រាស់ឲ្យយកចិត្តទុកដាក់លើបញ្ហានេះ ហើយក៏ជាការចាប់ផ្ដើមនៃការចាយថវិកាលើគម្រោងនីមួយៗ ដែលសង្កាត់អាចមានលទ្ធភាពក្នុងការគ្រប់គ្រងគម្រោងរបស់ខ្លួនបាន។លោក ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យការងារអនុវត្តគម្រោងរបស់សង្កាត់ទាំងអស់ អញ្ចឹងទេ សុំឱ្យក្រុមហ៊ុនទាំងអស់ យកចិត្តទុកដាក់ ដោយការដេញថ្លៃនេះ សូមឱ្យធានាបាននូវភាពត្រឹមត្រូវគិតគូរឲ្យបានច្បាស់លាស់ នូវតម្លៃ និងទំហំការងារ និងធានាសុវត្ថិភាពជូនដល់សាធារណៈជន និងធានាដល់គុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា ក្រុមហ៊ុនចូលរួមដេញថ្លៃមានចំនួន ០៤ក្រុមហ៊ុន ចំពោះលទ្ធផលក្រុមហ៊ុន ដែលដេញថ្លៃបានតាមសង្កាត់នីមួយៗ មានដូចជា៖ ១-សង្កាត់ទន្លេបាសាក់ បានទៅក្រុមហ៊ុន អ៊ុយ សុភាព, ២-សង្កាត់ទួលទំពូងទី១ បានទៅក្រុមហ៊ុន អ៊ុយ សុភាព, ៣-សង្កាត់ទួលទំពូងទី២ បានទៅក្រុមហ៊ុន សុធីរាជ ខនស្រ្កាក់ សិន, ៤-សង្កាត់បឹងត្របែក បានទៅក្រុមហ៊ុន លឹម ម៉ៅ ខនស្ក្រាក់សិន និង៥-សង្កាត់ផ្សារដើមថ្កូវ (មិនបានបើកសំណើសុំដេញថ្លៃនោះទេ ដោយសារខ្វះកូរ៉ុមក្រុមហ៊ុនចូលរួមដេញថ្លៃ) ហើយក្រុមហ៊ុនដែលដេញថ្លៃបាន នឹងចុះអនុវត្តគម្រោងនៅក្នុងឆ្នាំ២០២២នេះ ៕
ដោយ៖ ជីណា