ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រ ៣៨០គ្រួសារ ដែលប្រកបរបរជាអ្នករើសសំរាមនៅទីលានចាក់សំរាមខណ្ឌដង្កោនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងអាចយកទៅធ្វើបុណ្យទានតាមគន្លងព្រះពុទ្ធសាសនា។
ក្នុងឱកាសចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម (អេតចាយ) ចំនួន ៣៨០គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ . នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ បានសម្ដែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលប្រកប មុខរបររើសអេតចាយ នៅទីលានចាក់សំរាមដង្កោ ដែលបានប្រឹងប្រែងរើសអេតចាយ នៅទីលានចាក់សំរាម ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការលំបាកបន្តិចក៏ដោយ។
លោក ឃួង ស្រេង បានបន្តថា៖ បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាម បានប្រកបការរកស៊ីដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសខុសច្បាប់ដែលនេះពិតជាបានបង្ហាញឱ្យឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អ រស់នៅក្នុងសង្គម ។
លោក ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបររើសអេតចាយ ក្នុងករណីរកអ្វីមិនបានសម្រាប់បរិភោគ បងប្អូនអាចទៅសាខាកាកបាទក្រហមខណ្ឌដង្កោ ដើម្បីទទួលបានស្បៀងអាហារសម្រាប់ដោះស្រាយក្នុងជីវភាព។
លោកបានបញ្ជាក់ថា ការផ្តល់អំណោយមនុស្សធម៌របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនក្រីក្ររើសសំរាមនាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុក ដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រនាឱកាសរដូវបុណ្យទាននេះ ដែលអាចឱ្យពួកគាត់មានថវិកានិងសម្ភារសម្រាប់ធ្វើបុណ្យទានឬជូនអ្នកមានគុណក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ក្នុងឱកាសនោះដែរ លោកបាននាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចជានិច្ចជាកាលតែងតែគិតគូដល់បងប្អូនមានជីវភាពខ្វះខាត ហើយតែងតែណែនាំដល់យើងខ្ញុំទាំងអស់គ្នា និងកៀគរសប្បុរសជនទាំងអស់ ឱ្យយល់ ឱ្យឃើញ និងធ្វើការចែករំលែកជាអំណោយ ថវិកា សម្ភារៈ និងស្បៀងអាហារ ជូនដល់បងប្អូនអ្នកក្រីក្រដែលនេះជាទឹកចិត្តមិនអាចខ្វះបាន របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខកាកបាទក្រហមកម្ពុជាយើង »។
សូមបញ្ជាក់ថា ៖ អំណោយដែលបានប្រគល់ជូននេះរួមមាន៖ អង្ករ៣០ គីឡូ ក្រាម មី០១កេសតូច ទឹកត្រី០១ យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខកំប៉ុង ០១ដុំ ទឹកសុទ្ធមួយកេសនិងថវិកាចំនួន ៤០,០០០រៀល ក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណា យ ក្នុងជីវភាពគ្រួសារបានមួយចំណែក៕
ដោយ ៖ សំរិត