ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ១៩វត្ត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក្នុងឱកាសវេនកាន់បិណ្ឌទី ១៣ នៅស្នាក់ការគណបក្សក្រុងបាវិត នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធដោយក្តីនឹករលឹក ។
លោកស្រីកិត្តិបណ្ឌិតក៏បានលើកឡើងថា ពិធីបុណ្យភ្ជុំបិណ្ឌមានជាយូរលង់ណាស់មកហើយ ដែលជាបុណ្យប្រពៃណីជាតិដែលមានរយៈពេលរហូតដល់ ១៥ថ្ងៃ ។ ពិធីបុណ្យនេះទៀតសោត ពុទ្ធបរិស័ទ្ធគឺតែងតែសែនរំលឹកដល់បុព្វការីជន ដូនតា ដែលលះលោកនេះទៅហើយ ឬហៅថា បុណ្យបូជាទេវតា ឬក៏ហៅ ថា បុណ្យថ្វាយព្រះបិតរ ពាក្យនេះខ្មែរយើង ប្រើជា ឈ្មោះព្រះរាជពិធី មួយមានចាក់ទឹកដូងច្រួចសែនរំឭកដល់ពួកបុព្វបុរសក្នុងរាជត្រកូល ហៅថា ថ្វាយព្រះបិតរ ឬ ថ្វាយព្រះបិដរ គឺសែនរំឭក ទៅព្រះញាតិ វង្សានុវង្សដែលសេ្តចទៅកាន់បរលោកហើយ ។
ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ៖
១. សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាមិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ ។
២. ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)
៣. ត្រូវចូលរួមគោរពតាមវិធានការណ៍ ៣ការពារ៣កុំ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍ ។
៤. ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ៕
ដោយ ៖ សហការី