ខេត្តស្វាយរៀង៖ បុរសម្នាក់ពេលជិះម៉ូតូត្រលប់មកពីមើលគេរាំធុងបាស់នៅវត្តពោធិទន្ទឹម ហៅវត្តកក់ដល់ពាក់កណ្ដាលផ្លូវក៏ត្រូវក្រុមជនសង្ស័យជិះម៉ូតូប្រមាណ៣គ្រឿងដេញកាប់បណ្ដាលឱ្យរងរបួសក្បាល ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលកំពុងដេកលង់លក់ទាំងកណ្ដាលអធ្រាត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២នៅចំណុចភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ឡឹក វីនិមល អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកក្រុមជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីបានធ្វើសកម្មភាពរួចបាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ។
តាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួនបានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងទៅមើលគេរាំធុងបាស់នៅវត្តពោធិទន្ទឹម ហៅវត្តកក់ ព្រោះមានកម្មវិធីបុណ្យ។
ប្រភពបន្តថា រហូតមកដល់វេលាម៉ោង១១យប់ក្រោយពីមើលគេរាំធុងបាស់់រួចនិងងងុយដេកផងខ្លួនក៏បានទាញយកម៉ូតូជិះចេញពីវត្តក្នុងគោលបំណងត្រលប់ទៅផ្ទះវិញ។ លុះខ្លួនជិះមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានម៉ូតូចំនួន៣គ្រឿងបើកតាមពីក្រោយបានធ្វើសកម្មភាពកាប់មកលើរូបខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។
ក្រោយមកអ្នករងរបួសត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងខណៈដែលក្រុមជនសង្ស័យសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន