ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ជួយសង្គ្រោះក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ លង់ទឹក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពិតជាសំណាងក្មេងប្រុសម្នាក់អាយុទើបតែ៨ឆ្នាំត្រូវកម្លាំងទឹកហូរគួចពីសំណង់ទ្វារទឹកធំ ចម្ងាយ៤០០ម៉ែត្រត្រូវកម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៥១ជួយសង្គ្រោះទាន់ពេល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ចំបិណ្ឌ ១៣ (Ben 13)។

 ប្រភពពីកម្លាំងយោធាបានប្រាប់ថា លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដែលកំពុងប្រចាំការនៅគោលដៅតំបន់រងគ្រោះ ដឹកនាំដោយលោកវរសេនីយ៍ទោ នៅ សុខា នាយសេនាធិការរង កងពល វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ កញ្ញា ២០២២ បានចេញប្រតិបត្តិការជួយសង្គ្រោះ ក្មេងប្រុសម្នាក់ អាយុ ៨ឆ្នាំ លង់ទឹក ឈ្មោះ វ័ន ឆានុន  ដោយសារ ទឹកហូរ មានសភាពខ្លាំង បានគួចហូរនាំទៅផ្នែកខាងក្រោម សំណង់ទ្វារទឹកធំ ចម្ងាយ៤០០មែត្រ ដែលស្ថិតនៅភូមិគោកចារ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ។ 

ប្រភពបញ្ជាក់ថាៈ ដោយ​ទទួលបានបញ្ជា ពីលោកមេបញ្ជាការកងពល កងកម្លាំងអន្តរាគមន៍ បានចេញប្រតិបត្តិការភ្លាមៗ ជួយសង្គ្រោះ ក្មេងប្រុសខាងលើបានទាន់ពេលវេលា និងបានប្រគល់ជូនអាជ្ញាធរ អាណាព្យាបាលវិញ៕

លោកមេបញ្ជាការខាងលើក៏អំពាវនាវដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ជន់លិចខាងលើឲ្យមានការប្រុងប្រយត្នខ្ពស់ចំពោះកូនៗតូចព្រោះកម្លាំងទឹកនៅមិនទាន់ស្រកនៅឡើយ មួយភាគទឹកបានហូរពីលើនៃតំបន់អន្លង់វែងខេត្តឧត្តមានជ័យនិងមួយភាគទៀតជំនន់ដោយទឹកភ្លៀង ៕

ដោយ ៖ វណ្ណា


ចែករំលែក៖