ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) ប្រចាំឆ្នាំ ក្នុងឱកាសនៃសម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈអំពីបេក្ខភាពរបស់ប្រទេសជាសមាជិកអាស៊ាន នៅក្នុងស្ថាប័នអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិនានា និងបានឯកភាពគ្នាថា ការបន្តលើកកម្ពស់បេក្ខភាពអាស៊ាន នឹងលើកមុខមាត់ និងសារសំខាន់របស់អាស៊ានលើឆាកអន្តរជាតិបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ កម្ពុជាបានស្វែងរកការគាំទ្រពីប្រទេសជាសមាជិកអាស៊ានដ៏ទៃទៀត សម្រាប់សមាជិកភាពរបស់កម្ពុជា នៅក្នុងគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (Organizational Committee of the Peacebuilding Commission-OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ និងក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០។

ចំពោះទំនាក់ទំនងអាស៊ាននិងដៃគូខាងក្រៅ កិច្ចប្រជុំបានស្វាគមន៍ចំពោះការចូលជាសមាជិកនៅ ក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបច្ចុប្បន្នមានចំនួន ៤៩ភាគី បន្ទាប់ពីប្រទេសចំនួន៦បន្ថែមទៀត បានចុះហត្ថលេខាលើសន្ធិសញ្ញានេះ កាលពីខែសីហា ឆ្នាំនេះ និងបានយល់ព្រមទទួលយកការចូលជាសមាជិករបស់ប្រទេសអេស្ប៉ាញ និងអ៊ុយក្រែន។ ពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅ រាជធានីភ្នំពេញ ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ២០២២ ខាងមុខនេះ លោកឧបនាយករដ្ឋមន្តី បាននូវលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលនេះ ក៏ដូចជាកិច្ចសន្ទនាជាសកលរបស់អាស៊ាន លើកទី២៩ បានជម្រាបជូនអង្គប្រជុំអំពីការត្រៀមរៀបចំ និងកម្មវិធីបណ្ដោះអាសន្ន ហើយបានសម្តែងនូវការ វាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានា ស្តីពីការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយជំងឺកូវីដ-១៩ ដែលជាព្រឹត្តិការណ៏អមមួយដ៏សំខាន់។

ក្រៅពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន អង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនៈយោបល់គ្នាអំពី ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងការតាមដានអនុវត្តន៍ការព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច (5PC) ដែលបានឯកភាពគា្ននៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១។ លោកឧបនាយករដ្ឋមន្ត្រី រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងៗទៀត បាន បញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការពន្លឿនវឌ្ឍនភាពក្នុងការអនុវត្ត 5PC នៅក្នុងកាលៈទេសៈដ៏ គ្រោះថ្នាក់នៃភាពតានតឹងភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖