អន្តរជាតិ៖ អាជ្ញាធរក្រុមផ្តាច់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា ឆ្នាំ២០២២ បាននិយាយថា កាំភ្លើងធំរបស់អ៊ុយក្រែនបានវាយប្រហារលើទីផ្សារ និងរថយន្តក្រុងដឹកអ្នកដំណើរនៅក្រុង Donetsk បណ្ដាលឱ្យមនុស្សស្លាប់។
បេីតាមការបញ្ជាក់ពីអភិបាលក្រុង Donetsk ដែលគ្រប់គ្រងដោយក្រុមផ្តាច់ខ្លួនលោក Alexei Kulemzin បាននិយាយថា មនុស្ស ៦នាក់ បានស្លាប់ក្នុងការវាយប្រហារនេះ ហើយទូរទស្សន៍រដ្ឋរុស្ស៊ីបានបង្ហាញវីដេអូ នៃរថយន្តក្រុងដែលត្រូវបានបំផ្លាញនៅកណ្តាលទីក្រុង។
ដោយឡែក មន្ត្រីអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅទីក្រុង Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៥នាក់ទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍។ លោក Oleksandr Starukh អភិបាលក្រុង Zaporizhzhia និយាយថា ទីក្រុង Zaporizhzhia ត្រូវបានបាញ់ដោយមីស៊ីលចំនួន ៩គ្រាប់ក្នុងទីតាំងចំនួន ៣កន្លែងផ្សេងគ្នា។ កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយថែមទាំងបានបំផ្លាញអគារលំនៅឋាននៅក្បែរនោះ។
ទីក្រុងនេះគឺជាក្រុងមួយក្នុងចំណោមក្រុងចំនួន៤ ដែលមន្ត្រីតែងតាំងដោយទីក្រុងមូស្គូមានផែនការរៀបចំការបោះឆ្នោតប្រជាមតិ ដែលចាប់ផ្តើមនៅថ្ងៃសុក្រនេះដើម្បីក្លាយជាផ្នែកមួយរបស់រុស្ស៊ី ប៉ុន្តែទីក្រុងនេះនៅតែស្ថិតនៅក្នុងដៃរបស់អ៊ុយក្រែន។
សូមជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ក៏បានអំពាវនាវសុំអាវុធបន្ថែមទៀត ដើម្បីប្រយុទ្ធជាមួយកម្លាំងរុស្ស៊ីក្នុងប្រទេសរបស់លោក។ លោករដ្ឋមន្ត្រី បាននិយាយថា មធ្យោបាយដ៏ល្អបំផុតក្នុងការទប់ទល់អំពើឃោរឃៅកាន់តែច្រើនឡើងៗរបស់រុស្ស៊ី គឺផ្តល់ឱ្យអ៊ុយក្រែននូវសព្វាវុធចាំបាច់ទាំងអស់ ដែលនឹងអាចឱ្យយើងរំដោះទឹកដីរបស់យើងមកវិញ។
ការអត្ថាធិប្បាយរបស់លោក Kuleba កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសង្គ្រាម៕
ដោយ៖ ស តារា