ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់របួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូនៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល ៖ យ៉ាងហោចណាស់មនុស្ស២នាក់ស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ រីឯម្នាក់ទៀតរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ នៅវេលាម៉ោង០៨ និង០៣នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីទ្បូម៉ែត្រ(៣១-៣២)ចំណុចភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកពញ្ញាឮបានឱ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតគ្នាពីរនាក់ ទី១-ឈ្មោះ សៀក ណេង ភេទប្រុស អាយុ១៥ឆ្នាំ(មិនពាក់មួកសុវត្ថិភាព-ស្លាប់នៅមន្ទីរពេទ្យជាអ្នករួមដំណើរ) ،ទី២ឈ្មោះ បាត ផាន់នី ភេទប្រុស អាយុ១២ឆ្នាំ(មិនពាក់មួកសុវត្ថិភាព-ស្លាប់នៅកន្លែងកើតហេតុជាអ្នករួមដំណើរ) រីឯជនរងគ្រោះរបួសធ្ងន់ឈ្មោះទ្បាវ សោភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកSUZUKI SMASH-V ពណ៌ទឹកប្រាក់ ផ្លាកលេខ កណ្តាល 1AE-7326។ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ចំណែកភាគីខាងរថយន្តម៉ាកHYUNDAI ពណ៌ស ផ្លាកលេខ ត្បូងឃ្មុំ 3A-1697 បើករបរដោយឈ្មោះ សារី ម៉ាអេល ភេទប្រុស អាយុ ២៣ឆ្នាំមានទីលំនៅភូមិទួលអូរពីរ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

    ប្រភពដដែលបន្តថា នៅវេលាម៉ោងថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH-V ពណ៌ទឹកប្រាក់ ផ្លាកលេខ កណ្តាល 1AE-7326 ជិះដោយជនរងគ្រោះ៣នាក់ខាងលើ លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបើកឡើងវ៉ារថយន្តដែលនៅខាងមុខក៏ជ្រុលចង្កូតទៅបុករថយន្តដែលបើកបរមានទិសដៅផ្ទុយគ្នាពីជើង ទៅត្បូង ចំពីមុខរថយន្តផ្នែកខាងឆ្វេង រថយន្តម៉ាកHYUNDAI ពណ៌ស ផ្លាកលេខ ត្បូងឃ្មុំ 3A-1697 ។

     ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។ វត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកពញាឮបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី។

    សេចក្តីសន្និដ្ឋាន៖ ករណីខាងលើនេះ បណ្តាលមកពី

-អ្នកបើកបរម៉ូតូ បើកបរធ្វេសប្រហែស បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖