ខេត្តសៀមរាប ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោងប្រមាណ១២ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរស្រុកក្រឡាញ់ និងមន្ត្រីអ្នកមុខអ្នកការក្នុងស្រុកជាច្រើនរូបទៀត ។ នេះបើយោងតាមការបញ្ជាក់ពីអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
វត្តមានដ៏វិសេសវិសាលរបស់ លោកទេសរដ្ឋមន្ត្រី គន់ គីម នៅក្នុងស្រុកក្រឡាញ់នាពេលនេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទៅ បើទោះបីជាពេលនេះសម្តេចតេជោ ហ៊ុន សែន កំពុងបេសកកម្មនៅក្រៅប្រទេសក៏ពិតមែន តែសម្ដេចនៅតែគិតគូ មិងយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋជាប់ជានិច្ច ជាពិសេសនៅក្នុងអំឡុងពេល ដែលកំពុងកើតមានគ្រោះទឹកជំនន់នេះ ដើម្បីត្រៀមជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ។
លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប មានប្រសាសន៍ថា ទឹកជំនន់នៅក្នុងស្រុកក្រឡាញ់នៅពេលនេះ គឺទទួលជំនន់ទឹកភ្លៀងមកពីខាងស្រុកស្រីស្នំ ខេត្តសៀមរាប គួបផ្សំទៅនឹងទឹកភ្លៀងក្នុងស្រុក ដែលមានរយៈពេលច្រើនថ្ងៃជាប់ជាប់គ្នាផងនោះ បានបង្កើតឲ្យមានទឹកជំនន់នាពេលនេះ ប៉ុន្តែប្រសិនបើមិនមានភ្លៀងធ្លាក់បន្តបន្ថែមទៀតនោះ ទឹកជំនន់នៅក្នុងស្រុកនេះ នឹងស្រកចុះក្នុងរយៈពេលពីរបីថ្ងៃទៀត ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះមក ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យប៉ះពាល់ដល់វស្រុកចំនួន៨ រួមមាន ៖ ស្រុកស្រីស្នំ , ស្រុកក្រឡាញ់ , ស្រុកជីក្រែង , ស្រុកអង្គរជុំ , ស្រុកវ៉ារិន , ស្រុកពួក , ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង ក្នុងនោះស្រុកចំនួន២ គឺស្រុកក្រឡាញ់ និង ស្រុកស្រីស្នំ មានសភាពធ្ងន់ធ្ងរជាងគេ ដោយសារស្រុកទាំង២នេះ ទទួលឥទ្ធពលជំនន់ទឹកភ្លៀងពីស្រុកមួយចំនួន នៃខេត្តឧត្ដរមានជ័យ ។
លោកស្រីបន្តថា បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងកើតឡើងភ្លាម រដ្ឋបាលខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក , ការថែទាំសុខភាព ការបង្កាជំងឺរាករូស , កាពារពីការយាយីពីសត្វមានអាសិរពិស និង ការស្វែងរកទីទួលមានសុវត្ថិភាព ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត ។
បន្ទាប់មក លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត បន្តដំណើរចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងស្រុកស្រីស្នំ ជាពិសេសនៅទំនប់អាងស្ពានស្រែង១ ស្ថិតក្នុងឃុំស្ថែងស្ពាន ស្រុកស្រីស្នំ អមដំណើរដោយលោក លន់ សុធី ប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកស្រីស្នំ លោកអភិបាល លោកអភិបាលរងស្រុក និងមន្ត្រីអ្នកមុខអ្នកការក្នុងស្រុកស្រីស្នំជាច្រើនរូបទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក នួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប បានបញ្ជាក់ថា ទឹកជំនន់នៅក្នុងទំនប់អាងស្ពានស្រែង១ នេះ ទទួលជំនន់ទឹកភ្លៀងមកពីខាងស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ពិសេសទំនប់អាតោ ប៉ុន្តែ តាមពិនិត្យជាក់ស្ដែង ទឹកនឹងស្រកចុះក្នុងរយៈពេលពីរបីថ្ងៃទៀត ប្រសិនបើមិនមានភ្លៀងធ្លាក់បន្តបន្ថែមទៀតនោះ ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឱ្យ មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៥.៨៧២គ្រួសារ ភូមិចំនួន ១៨៤ភូមិ ឃុំចំនួន៤១ នៃស្រុកចំនួន៨ រួមមាន ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុក សូទ្រនិគម និងស្រុកប្រាសាទបាគង បង្កឱ្យមានផលប៉ះពាល់ស្រូវពង្រោះចំនួន ១៩.១៩១ហិកតា , ប៉ះពាល់ដំឡូងមី ចំនួន ១.៥៨៨ហិកតា , លិចបរិវេណផ្ទះកម្រិតស្រាលចំនួន ៣.២៤៥ខ្នង , កម្រិតធ្ងន់ចំនួន ២៩ខ្នង .លិចទីធ្លាសាលារៀន ៤៨កន្លែង , លិចបរិវេណមណ្ឌលសុខភាព ០៥កន្លែង , អាគាររដ្ឋបាលឃុំ និង ប៉ុស្តិ៍រដ្ឋបាល ១២កន្លែង , លិចបរិវេណវត្ត ០៨កន្លែង , លិចក្នុងផ្សារ ០១កន្លែង , លិចផ្លូវប្រវែងសរុប ១០២.៧៦៣ម៉ែត្រ និងខូចខាតប្រវែង ២.៨៤៨ម៉ែត្រ , លិចខ្នងទំនប់ ខ្នងប្រឡាយ ប្រវែង ១៩.២២៣ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ , លិចស្ពាន ០២កន្លែង និងខូចខាតប្រវែង ១០ម៉ែត្រ , ងាប់គោចំនួន ០១ក្បាល និង ងាប់មាន់,ទា ចំនួន ៦៧៦ក្បាល ៕
ដោយ : សិលា