ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈរ បៀងគង់ បានប្រគល់ថវិកា៦លានរៀលជូនក្រុមគ្រួសារនៃសពលោក អ៊ុង សុវណ្ណា នាយរងសង្កាត់ខណ្ឌរដ្ឋបាលជលផល ស្ថិតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន

ចែករំលែក៖

     ខេត្តកំពង់ធំ ៖ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បាននាំថវិកាចំនួន(៦លានរៀល) ជូនដល់លោកស្រី អ៊ូ ទ្រីម ត្រូវជាប្រពន្ធគ្រួសារសពលោក អ៊ុង សុវណ្ណា នាយរងសង្កាត់ខណ្ឌរដ្ឋបាលជលផល ស្ថិតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន រដ្ឋបាលជលផលកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៥:០០ទៀបភ្លឺ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគគាពាធ។ សពនេះបានធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 

     លោក ឈរ បៀងគង់ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមចូលរួមមានប្រសាសន៍ថា មរណភាពរបស់លោក អ៊ុង សុវណ្ណា គឺជាការបាត់បង់ នាយរងសង្កាត់ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារជូនរដ្ឋកន្លងមក ដោយបានបន្សល់ទុកនូវស្នាដៃជាច្រើន ដល់អ្នកជំនាន់ក្រោយ និងជាការបាត់បង់នូវមន្ត្រីល្អៗ ដែលជាអ្នកមានគុណប្រកបដោយព្រហ្មវិហារធម៌ជាទីគោរព និងជាទីស្រឡាញ់។ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ខ្ញុំសូមសំដែងនូវសមាណចិត្ត ដ៏សែនក្តុកក្តួល សោកស្ដាយស្រណោះអាឡោះអាល័យក្រៃលែង សូមចូលរួមមរណៈទុក្ខជាមួយលោក ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពលោក អ៊ុង សុវណ្ណា ប្រកបដោយសមាណទុក្ខ ក្តីសង្វេគ រកទីបំផុតគ្មាន និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក អ៊ុង សុវណ្ណា ស្ថិតនៅតាមជួយថែរក្សាក្រុមគ្រួសារ និងបានទៅចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    ជាមួយគ្នានេះដែរក្រុមគ្រួសារនៃសពសូមថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់ ផ្ដល់ថវិកាជូនក្រុមគ្រួសារនៃសព សូមឲ្យថ្នាក់ដឹកនាំទាំងអស់ជួបនៅពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ដោយ៖ កែវមន្នី


ចែករំលែក៖