ខេត្តកំពង់ចាម ៖ ដោយគោរពឆ្លើយតបនិងបទបញ្ជារបស់សម្តេចតេជោ ពាក់ព័ន្ធនឹងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរភូមិ-ឃុំ បានធ្វើការផ្សព្វផ្សាយអប់រំណែនាំ និងធ្វើកិច្ចសន្យានូវមុខសញ្ញាបើកបនល្បែងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់។
ជាក់ស្តែង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម អំពីជនឆ្លៀតឱកាស ញៀននឹងល្បែង លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងព្រៃចំការស្វាយចន្ទី ស្ថិតនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៥នាក់គឺ៖
១- ឈ្មោះ អុល ប៊ុនថា ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិវត្ត ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
២-ឈ្មោះ ឈិន ដា ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣- ឈ្មោះ ព្រុំ គីន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិវត្ត ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤- ឈ្មោះ គិត ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិធំ ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៥- ឈ្មោះ ថេង ថាត ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន៖
-ប្រាក់រៀល ចំនួន១២០,០០០រៀល(មួយសែនពីរម៉ឺនរៀល)
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ម៉ូតូចំនួន០៤គ្រឿង (ប្រគល់ទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទួលឃ្លាំងគ្រប់គ្រងបន្ត)
-មាន់ងាប់១ក្បាល
-បន្ត្រក់មាន់ចំនួន២
-កញ្ចក់បាំងមាន់ចំនួន១
-ជញ្ចីងថ្លឹងមាន់ចំនួន១
ករណីនេះដោយមានការសំណូមពរពីរក្រុមគ្រួសារ និងដោយឈ្មោះ គិត ថា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិធំ ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានជំងឺប្រចាំកាយ (ឡេីងឈាម, និងមានដុំសាច់នៅត្រង់កខាងឆ្វេង) ហេតុនេះសមត្ថកិច្ចយើងសម្រេចធ្វេីកិច្ចសន្យាអប់រំ និងបានឱ្យក្រុមគ្រួសារធ្វេីលិខិតធានា យកទៅមណ្ឌលសុខភាព និងអប់រំនៅមូលដ្ឋានវិញ តាមបញ្ជាលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ចំពោះជនសង្ស័យ០៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីអនុវត្តនីតិវិធីបន្ត ៕
ដោយ ៖ វណ្ណៈ