ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាថ្លែងពីការបញ្ចប់ការរាតត្បាតវីរុសកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលប្រកបដោយសមធម៌​ (the high-level event on ending the COVID-19 pandemic through equitable access to vaccines, tests, and treatments)

ចែករំលែក៖

ទីក្រុងញូយ៉ក ៖ សេចក្តីជូនព័ត៌មានស្តីពីព្រឹត្តិការណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ស្តីពីការបញ្ចប់ការរាតត្បាតវីរុសកូវីដ១៩ តាមរយៈការចាក់វ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលប្រកបដោយសមធម៌​ (the high-level event on ending the COVID-19 pandemic through equitable access to vaccines, tests, and treatments) ក្នុងអំឡុងសប្តាហ៍នៃកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ នាសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា, នាថ្ងៃសុក្រ ១៣រោច ខែភទ្របទឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២លោកស្រីវេជ្ជបណ្ឌិត វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (..១៩) និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំជាន់ខ្ពស់ស្តីពីការបញ្ចប់ការរាតត្បាតវីរុសកូវីដ១៩តាម រយៈការចាក់វ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលប្រកបដោយសមធម៌ (the high-level event on ending the CoVID-19 pandemic through equitable access to vaccines, tests, and treatments) ក្នុងអំឡុងសប្តាហ៍ន កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ (High-level Week) នាសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានប្រព្រឹត្ត ទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សំណាក់ លោកស្រី លោកដែលជាប្រធានគណៈប្រតិភូ តំណាងមកពីប្រទេសជាសមាជិកអង្គការសហ ប្រជាជាតិគណៈប្រតិភូតំណាងអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍអន្តរជាតិនិងភ្ញៀវកិត្តិយស មកពីបណ្ដ ប្រទេសនៅលើសកលលោក។

នៅក្នុងព្រឹត្តការណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត វណ្ណឌីន បានថ្លែងថាក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមAntonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិដែលបានអញ្ជើញ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះតែ

ដោយ លោករដ្ឋមន្ត្រីជាប់ភារកិច្ចផ្សេង ក៏បានចាត់តាំងរូបលោកស្រីឱ្យចូលរួមជំនួសជាតំណាង និងសូមអរគុណ ដល់អ្នករៀបចំព្រឹត្តិការណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់នេះដែលមានការិយាល័យលេខាធិការអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក(WHO) និងអង្គការយូនីសេហ្វ(UNICEF) ដោយមានការគាំទ្រពីដៃគូ ACT-Aceleratorការជួបជុំកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់នាពេលនេះ បានផ្ដល់ឱកាសសម្រាប់បណ្តាប្រទេសជុំវិញពិភពលោក បានចែក រំលែក ពិភាក្សា និងអំពាវនាវឱ្យមានសកម្មភាពប្រកបដោយវឌ្ឍនភាពទៅមុខនូវអន្តរាគមន៍ជាអាទិភាពលើការ សម្រេចបាននូវការគ្របដណ្តប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ការធ្វើតេស្ត ដើម្បីព្យាបាលជំងឺកូវីដ១៩ បាន ទាន់ពេលវេលា ទៅតាមយុទ្ធសាស្ត្រដែលបានកំណត់ដោយអង្គការសុខភាពពិភពលោក។

លោកស្រីរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ជូនអង្គប្រជុំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការរាតត្បាតវីរុសកូវីដ១៩ ត្រូវបានគ្រប់គ្រងដោយជោគជ័យនៅកម្ពុជាជាពិសេសលើយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ១៩ ដែលរហូតមកដល់បច្ចុប្បន្ន បានប្រមាណ៩៥% នៃប្រជាជនចំនួន ១៦លាននាក់ដែលអនុញ្ញាតឱ្យ កម្ពុជា មានការបើកដំណើរការប្រទេសឡើងវិញចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ មក។ ការធ្វើតេស្ត និងព្យាបាល អ្នកជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រកាន់យកមកអនុវត្ត តាំងពីពេលដែលល្បឿននៃការចម្លងវីរុស កូវីដ១៩ នៅកម្ពុជា មានសន្ទុះកើនឡើង។ យើងក៏បានធ្វើការយ៉ាងយកចិត្តទុកដាក់ លើយុទ្ធសាស្ត្រគ្រប់គ្រងទំនាក់ ទំនងហានិភ័យ (risk communication) ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូវីដ១៩ ដែលតម្រូវឱ្យមានការចូលរួមពី បុគ្គលម្នាក់ៗក្រុមគ្រួសារ និងសហគមន៍ ក្នុងការអនុវត្តវិធានការបង្ការសំខាន់ៗដូចជា៣ការពារ និង ៣កុំការអនុ វត្តការធ្វើតេស្តដោយខ្លួនឯង ការនៅដាច់ដោយឡែក និងការព្យាបាលនៅផ្ទះ ជាដើម។ គំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការលើកទឹកចិត្តដោយផ្តល់ជា រង្វាន់ដល់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ លេខរៀង ទីលាននាក់ និងជារង្វាន់ជូនដល់លោកយាយលោកតាដែលមានអាយុ ១០០ឆ្នាំឡើងត្រូវបានអនុវត្តដោយជោគជ័យ។ ឥឡូូវនេះយើងក៏កំពុងដាក់ចេញការចាក់វ៉ាក់សាំងដូសជំរុញ (រហូតដល់ដូសទី៥) ខណៈពេលដែលយើងកំពុងរៀនរស់ នៅជាមួយវីរុសកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី និងប្រកបដោយនិរន្តរភាពក្នុងការបើកដំណើរការប្រទេសឡើងវិញ នេះ។

លោកស្រីវេជ្ជបណ្ឌិត វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជម្រាបជូនអង្គប្រជុំបន្ថែមទៀតថា មកដល់ពេលនេះ ការរាតត្បាតនៃវីរុសកូវីដ១៩ នៅមិនទាន់ចប់នៅឡើយទេ ហើយពិភពលោកក៏កំពុងតែប្រឈមមុខទៅនឹងជំងឺរាតត្បាតនេះនៅឡើយដែរ។ ទន្ទឹមនឹងការលើកទឹកចិត្តប្រជាជនឱ្យទៅទទួលវ៉ាក់សាំងកូវីដ១៩ ការធ្វើ តេស្ត និងការព្យាបាលយើងត្រូវបន្តផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថក្នុងការថែរក្សាសុខ ភាពផ្ទាល់ខ្លួន ក្នុងការតាមដាន និងកំណត់បាននូវរោគសញ្ញាសម្រាប់ការសង្ស័យនៃការឆ្លងវីរុសកូវីដ១៩។ ការណែនាំជាសាធារណៈនិងការគាំទ្រដោយប្រើដំណោះស្រាយឌីជីថល នឹងជួយឱ្យមានភាពល្អប្រសើរឡើងលើការ អនុវត្តការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារ ថែទាំសុខភាពបឋម (Primary Health Care Implementation Framework (PHC-BIF)) ត្រូវបានអភិវឌ្ឍឡើង ដោយមានការគាំទ្រពេញទំហឹងពីអង្គការសុខភាពពិភពលោក និងជាបន្តបន្ទាប់ អង្គការយូនីសេហ្វ និងដៃគូផ្សេងៗ ទៀតដោយមានការគិតគូរ និងផ្ដោតសំខាន់លើប្រជាជនជាស្នូល” (people center) និងការរៀនសូត្រពីបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតវីរុសកូវីដ១៩ ដែលទទួលបានជោគជ័យមួយក្នុងចំណោមជោគជ័យ ផ្សេងទៀត គឺការចូលរួមពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍ លើការអនុវត្តវិធានការសំខាន់ៗនិងការទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លង ដើម្បីផលប្រយោជន៍សុខភាពល្អរបស់ពួកគាត់ និងកាត់បន្ថយហានិភ័យនៃការឈឺធ្ងន់ធ្ងរ និងការស្លាប់។

លោកស្រីរដ្ឋលេខាធិការ បានបន្ថែមទៀតថា ការធ្វើតេស្តរហ័សអាចត្រូវបានអនុវត្តសម្រាប់ករណីសង្ស័យទាំងនៅផ្ទះ នៅមណ្ឌលថែទាំសុខភាព ឬនៅកន្លែងដែលបានកំណត់ណាមួយ។ ការធ្វើតេស្ត PCR អាចត្រូវ បានធ្វើសម្រាប់ការបញ្ជាក់ ឬការបញ្ជាក់ឡើងវិញនៃការធ្វើតេស្តរហ័ស ឬក្នុងករណីដែលមានតម្រូវការណាមួយ។ បុគ្គលដែលមានវិជ្ជមានវីរុសកូវីដ១៩ អាចនៅដាច់ដោយឡែកនៅផ្ទះសម្រាប់ការថែទាំ និងព្យាបាលដោយខ្លួនឯងប្រសិនបើជាករណីស្រាល។ ពិធីសារ និងគោលការណ៍ណែនាំនៃការព្យាបាល ត្រូវបានដាក់ចេញជាសាធារណៈ សម្រាប់ការលើកទឹកចិត្តដល់ការថែទាំ និងការព្យាបាលនៅតាមផ្ទះ បន្ទាប់ពីមានការបណ្តុះបណ្តាលពីការធ្វើតេស្ត រហ័ស និងការណែនាំអំពីរបៀបថែទាំនៅតាមផ្ទះរួចមក។ ការរកឃើញឱ្យបានរហ័សនូវអ្នកវិជ្ជមានវីរុសកូវីដ១៩ ការ នៅដាច់ដោយឡែកឲ្យបានរហ័ស និងរហ័យការព្យាបាល ត្រូវបានអនុវត្តដោយបុគ្គល និងក្រុមគ្រួសារ។ ការបញ្ចូនទៅ កាន់មន្ទីរពេទ្យដែលបានកំណត់ ត្រូវធ្វើភ្លាមៗប្រសិនបើមានរោគសញ្ញានៃការវិវត្តទៅកាន់ភាពធ្ងន់ធ្ងរនៃជំងឺ។ ការរិះរកឱសថសម្រាប់ប្រើប្រាស់ក្នុងការការព្យាបាលជំងឺកូវីដ១៩ និងការដាក់ឱ្យអាចរកបានឱសថសម្រាប់ការព្យាបាលជំងឺ គឺជាយុទ្ធសាស្ត្រមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការសម្រួលដល់ការនាំចូលឱសថវ៉ាក់សាំង ឧបករណ៍បរិក្ខាពេទ្យ តេស្តរហ័ស និងសម្ភារៈផ្សេងៗសម្រាប់ការការពារ និងព្យាបាលជំងឺកូវីដ១៩ ត្រូវបានអនុវត្ត នៅក្នុងការចុះបញ្ជីការនិងគ្រប់គ្រងឱសថរបស់ប្រទេសកម្ពុជា។ លើសពីនេះនៅក្នុងមន្ទីរពេទ្យការណែនាំអំពីការ ព្យាបាលជំងឺកូវីដ១៩ ត្រូវបានបង្កើត និងធ្វើបច្ចុប្បន្នភាពជាប្រចាំដោយអនុគណៈកម្មការបច្ចេកទេស និងការ ព្យាបាលនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលដឹកនាំដោយ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ វគ្គបណ្តុះបណ្តាល ជាមួយនឹងការកៀរគរអ្នកជំនាញពីមន្ទីរពេទ្យជាតិ ដើម្បីជួយដល់ថ្នាក់ក្រោមជាតិ ដូចជាការរៀបចំជាមន្ទីរពេទ្យថ្នាក់តំបន់ និងមជ្ឈមណ្ឌលពិគ្រោះយោបល់ ត្រូវបានធ្វើ ឡើង ដើម្បីជួយសង្គ្រោះជីវិតមនុស្សឱ្យបានកាន់តែច្រើនពីការវ៉ៃលុកវីរុសកូរីដ១៩នេះ។ សមត្ថភាពមន្ទីរពិសោធន៍ ត្រូវបានពង្រឹងនិងពង្រីកដល់ថ្នាក់ខេត្តដើម្បីជំរុញការធ្វើតេស្តដើម្បីការព្យាបាលប្រព្រឹត្តទៅបានលឿនជាងមុន។

លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត វណ្ណឌីន បានសង្កត់ធ្ងន់ថា ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា ខ្ញុំ សូមផ្ដល់ជាអនុសាសន៍មួយចំនួនសម្រាប់ការអនុវត្តវិធានការណ៍ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជំងឺកូវីដ១៩នៅជុំវិញពិភពលោក ដែលមានដូចខាងក្រោម សម្រាប់អង្គប្រជុំមានការគិតគូរបន្តទៀត៖

ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ គឺជាកត្តាមិនអាចខ្វះបានឡើយជាមួយនឹងការវិភាគស្ថានភាពនៃការរាតត្បាតជាប្រចាំ ការត្រួតពិនិត្យ និងការវាយតម្លៃ។

បន្តលើកកម្ពស់ និងគាំទ្រពេញលេញពិតប្រាកដ លើសកម្មភាពការងារជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ប្រកបដោយការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ ធ្វើឱ្យអត្រាគ្របដណ្ដប់ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩មានកំណើនឡើងខ្ពស់ ដល់បណ្តាប្រទេសជាសមាជិក ជាពិសេសនៅក្នុងប្រទេសដែលលទ្ធភាពទទួលបាន វ៉ាក់សាំង និងមានការគ្របដណ្តប់លើការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងកម្រិតទាបនៅឡើយ។ បង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ១៩ ឧបករណ៍តេស្ត និងឱសថព្យាបាលជាមួយនិងគោលការណ៍ ណែនាំប្រតិបត្ដែលនឹងត្រូវផ្ដល់ជូនដល់បណ្តាប្រទេសនានាជាពិសេសកន្លែងដែលធនធាននៅមានកម្រិត។ តួនាទីរបស់អង្គការអង្គការសុខភាពពិភពលោក (WHO) គឺសំខាន់ណាស់នៅត្រង់ចំណុចនេះ។

កែសម្រួលយុទ្ធសាស្ត្រផែនការដែលបានបង្កើតឡើងដោយផ្អែកលើAPSED III ត្រូវអនុវត្តដោយផ្អែកលើប្រព័ន្ធសុវត្ថិភាពសុខភាពដែលមានស្រាប់ និងលទ្ធភាពនៃការមានវ៉ាក់សាំងកូវីដ១៩ ឱសថ ឧបករណ៍បរិក្ខារពេទ្យផ្សេងៗទៀត ដែលសមស្របទៅនឹងបរិបទរបស់ប្រទេស។

ទំនាក់ទំនងហានិភ័យ ការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍នៅតែជាចំណុចដែលមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះការចរាចរព័ត៌មានប្រឌិត ព័ត៌មានមិនពិត ឬក្លែងក្លាយនៅក្នុងសហគមន៍ និងលើកកម្ពស់ការទទួលយកវ៉ាក់សាំង ការធ្វើតេស្ត និងយុទ្ធសាស្ត្រព្យាបាល ដើម្បីបញ្ចប់ការរាតត្បាតវីរុសកូវីដ១៩។

ត្រូវវិនិយោគលើការត្រៀមលក្ខណៈនៅថ្ងៃនេះ ដូច្នេះ យើងនឹងមិនមានការសោកស្ដាយនៅថ្ងៃស្អែកឡើយ។ ការត្រៀមលក្ខណៈទុកជាមុន គឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព សង្គមនិងសេដ្ឋកិច្ច។ សុខភាព និងសេដ្ឋកិច្ច ត្រូវតែដើរទន្ទឹមគ្នា៖គ្មានសុខភាពគ្មានសេដ្ឋកិច្ច និងគ្មាន សេដ្ឋកិច្ច គឺគ្មានសុខភាព

យើងត្រូវតែមានកំណែទម្រង់ វិនិយោគ និងពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់អនាគត។ ការអនុវត្តកម្មវិធីជំរុញការថែទាំសុខភាពបឋម (PHC-BIF) គឺជាការវិនិយោគដ៏ល្អបំផុត សម្រាប់ការសម្រេចបាននូវសុខភាពសម្រាប់ទាំងអស់គ្នា (ការគ្របដណ្តប់សុខភាពជាសកល) ប្រព័ន្ធសុខាភិបាលរឹងមាំ គឺជាលក្ខខណ្ឌចាំបាច់ជាមុន (pre-condition) សម្រាប់ការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ និងសម្រាប់ការ សង្គ្រោះបន្ទាន់ផ្នែកសុខភាពនាពេលអនាគត។

ទន្ទឹមនឹងនោះ លោកស្រីរដ្ឋលេខាធិការ បានបង្ហាញពីការទទួលស្គាល់ និងការអរគុណយ៉ាងខ្លាំងចំពោះការដឹកនាំ ផ្នែកបច្ចេកទេស និងតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលរបស់អង្គការសុខាភាពពិភពលោក(WHO) និងសូមអរគុណ យ៉ាងអនេកចំពោះការគាំទ្រពីដៃគូទ្វេភាគីនិងពហុភាគីព្រមទាំងការរួមចំណែករបស់វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងអ្នកស្ម័គ្រចិត្តជាដើម សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាទីបញ្ចប់ លោកស្រីវេជ្ជបណ្ឌិត វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩(..១៩) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការផ្ដល់ឱកាសក្នុងការថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់នេះ និងសូមគោរពជូនពរ លោក លោកស្រី លោក អ្នកនាងកញ្ញាដែលមានវត្តមានក្នុងកិច្ចប្រជុំ មានសុខភាពល្អ សុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច៕

ដោយ៖សុខ ខេមរា


ចែករំលែក៖