ខេត្តបន្ទាយមានជ័យ៖ ដើម្បីជួយកាត់បន្ថយភាពទីទាល់ក្ររដ្ឋបាលខេត្តបានយកគ្រឿងឧបភោគបរិភោគចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរស់នៅលើទីទួលសុវត្ថិភាព ៨០គ្រួសារនៅព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២២ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ែត ចាន់ថុន ក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់គ្រឿងឧប្បភោគបរិភោគដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៥៤ គ្រួសារ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង នៅបេនឡានក្រុងសិរីសោភ័ណ ប្រជាពលរដ្ឋក្នុងសង្កាតព្រះពន្លា ចំនួន ២៦គ្រួសារ ដែលកំពុងរស់នៅលើទួលសុវត្ថិភាព។
គ្រឿងឧបភោគបរិភោគរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរត្រីខ១យួរ ទឹកបរិសុទ្ធ ១កេស ។
លោក អ៊ុំ រាត្រី អភិបាលខេត្តមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាក។
លោកមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្រ្តាក់ និងគ្រោះទឹកជំនន់នេះជាដើម។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា ថែរក្សាសុខភាពឲ្យបានល្អ និងថែទាំបរិស្ថានជុំវិញយើងឲ្យបានល្អ៕
ដោយ ៖ វណ្ណា