ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ក្រើនរំលឹកពីនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មខារ៉ាអូខេ ក្នុងឱកាសភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានបន្តក្រើនរំលឹកបង្ហាញវីដេអូស្តីពីនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មខារ៉ាអូខេ ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលនឹងធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ខាងមុខនេះ ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២។

ដើម្បីផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតជូនដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាភ្ញៀវទេសចរ ក្រសួងទេសចរណ៍ក៏បានចេញផ្សាយឯកសារ និង QR-Code សម្រាប់ចូលមើល និងទាញយកឯកសាររួចហើយពាក់ព័ន្ធនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា SOP សម្រាប់អាជីវកម្មខារ៉ាអូខេ នេះផងដែរ។

ដោយឡែក  ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់សកម្មភាពល្បែងស៉ីសងនៅទូទាំងប្រទេស លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសឱ្យប្រធានមន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្តចូលរួមសហការទប់ស្កាត់សកម្មភាពល្បែងស៉ីសងក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានផុសផុល។

តាមរយៈសារាចរណែនាំស្ដីពីការបង្ការនិងទប់ស្កាត់សកម្មភាពល្បែងស៊ីសងនៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍  លោករដ្ឋមន្ត្រី ថោង ខុន បានណែនាំទៅកាន់ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ត្រូវបន្តចុះក្រើនរំលឹកនិងណែនាំដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់ច្បាប់ បទប្បញ្ញត្តិជាធរមាន និងលក្ខខណ្ឌនានាដែលមានភ្ជាប់នឹងអាជ្ញាបណ្ណទេសចរណ៍។

លោករដ្ឋមន្ត្រីបានណែនាំឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវចាត់តាំងឱ្យមានបុគ្គលិកប្រចាំការ ដើម្បីតាមដាន និងរាយការណ៍ ឬប្ដឹងជាបន្ទាន់ទៅនគរបាលទេសចរណ៍ និងអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ក្នុងករណីសង្ស័យថាមានការប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឬបទល្មើសផ្សេងទៀត។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តណែនាំឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងឡាយមិនត្រូវធ្វេសប្រហែស ឬបង្កលក្ខណៈឱ្យជនឆ្លៀតឱកាសប្រើប្រាស់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ ជាកន្លែងប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ឬបទល្មើសផ្សេងទៀតនោះឡើយ។

លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យមានកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរដែនដី ដើម្បីអនុវត្តចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណាដែលមិនបានរៀបចំទីតាំងរបស់ខ្លួនតាមការណែនាំ ទោះបីជាអចេតនាក្តីនឹងក្លាយជាកម្មវត្ថុនៃការលុបចោលអាជ្ញាបណ្ណទេសចរណ៍ស្របតាមស្មារតីមាត្រា៤៤ នៃច្បាប់ស្តីពីទេសចរណ៍។

គួរជម្រាបថា ការចេញសារាចរណែនាំនេះធ្វើឡើងដោយយោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដែលបញ្ជាឱ្យក្រសួង ស្ថាប័ន មន្ត្រីមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធចូលរួមបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជា៕

ដោយ៖សិលា


ចែករំលែក៖