ខេតបាត់ដំបង ៖ នៅថ្ងៃអាទិត្យ១៥រោចខែភទ្របទឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២២ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការ បានជម្រុញនិងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងក្រោមការដឹកនាំរបស់ លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចនគរបាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ និងដោយមានការសម្របសម្រួលលេីនីតិវិធី ពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមអមសាលាដំបូងខេត្តបាត់ដំបងផងនោះ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូសមួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបង ដែលបានប្រទះឃេីញកាលពីថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ២០២២។
បុរសម្នាក់នោះឈ្មោះ មាស ពេជ្របូរមី អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ។
សូមជម្រាបជូនថាកាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានរឿងហេតុភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូស ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។
ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលេី កាលពីថ្ងៃកាន់បិណ្ឌទី១ គឺអំឡុងថ្ងៃ១១ខែកញ្ញា ឆ្នាំ២០២២ ហេីយបាត់ការទាក់ទងតាមទូរស័ព្ទចាប់ពីថ្ងៃទី១២ ខែ កញ្ញាឆ្នាំ២០២២ រហូតដល់ពេលប្រទះឃេីញរថយន្តនិងសាកសពតែម្តង។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូបនេះបានសារភាពថា រូបគេពិតជាបានសម្លាប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន ដែលការសម្លាប់នេះប្រព្រឹត្តនៅក្នុងរថយន្ត បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរដោយរថយន្ត ហេីយចំណុចប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ រួចបេីករថយន្តដឹកសពស្រ្តីរូបនោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបងនាអំឡុងថ្ងៃទី១២ ខែ កញ្ញាឆ្នាំ២០២២ រួចគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមានក្លិនស្អុយភាយចេញពីក្នុងរថយន្តនោះ។
ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលេី បានត្រឹមតែឆ្លេីយប្រាប់សម្ថកិច្ចថារូបគេជ្រុលដៃរហូតធ្វេីឱ្យស្រ្តីរូបនេះស្លាប់ ក្នុងពេលដែលរូបគេប្រេីហិង្សាទៅលេីស្ត្រីរូបនេះ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា។
ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែមទៀតនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕
ដោយ៖ស សារ៉េត