ប្រទេសគុយបា ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល Fidel Castro ក្នុងរដ្ឋធានីហាវ៉ាណា នៃសាធារណរដ្ឋគុយបា។ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនានូវរូបភាព និងការណែនាំពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro។ មជ្ឈមណ្ឌល Fidel Castro បានដាក់តាំងបង្ហាញនូវ មហាស្នាដៃនិងសមិទ្ធផលនៃកេរ្តិ៍មរតកសម្បត្តិដ៏មានតម្លៃរបស់ ឯកឧត្តម ហ្វីដែល កាស្ត្រូ ក្នុងការធ្វើបដិវត្តន៍ផ្តួលរំរលំ ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៩ ។ សារមន្ទីរ Centro Fidel Castro ត្រូវបានគេដាក់បង្ហាញនៅក្នុងវិមានដ៏ប្រណិតមួយនៅក្នុងសង្កាត់វីដាដូដ៏ធំទូលាយរបស់រដ្ឋធានីហាវ៉ាណា ហើយបានបើកទ្វាររបស់ខ្លួននៅថ្ងៃគម្រប់ខួបប្រាំឆ្នាំនៃការស្លាប់របស់មេបដិវត្តគុយបា លោកកាស្ត្រូ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា មជ្ឈមណ្ឌល Fidel Castro Ruz (CFCR) ត្រូវបានសម្ពោធនៅទីក្រុង Havana ដែលជាសារមន្ទីរដ៏ប្រណិតដែលកាន់កាប់ប្លុកទាំងមូលនៅក្នុងសង្កាត់ វីដាដូ ។ គោលបំណងរបស់មជ្ឈមណ្ឌលនេះគឺ “ដើម្បីសិក្សា និងផ្សព្វផ្សាយគំនិត ការងារ ជីវិត និងគំរូរបស់មេដឹកនាំប្រវត្តិសាស្ត្រគុយបា។
សូមបញ្ជាក់ថា ក្នុងសម័យអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានផ្តល់ជូននូវមេដាយឥស្សរិយយស ថ្នាក់ខ្ពស់បំផុត ជូនលោក ហ្វីដែល កាស្ត្រូ។ មេដាយនោះត្រូវបានរក្សានៅក្នុងមជ្ឈមណ្ឌលនេះ ជាមួយនិងគ្រឿងឥស្សរិយយសប្រមាណ៥០០គ្រឿង ដែលឯកឧត្តម ហ្វីដែល កាស្រ្តូ ពីបណ្តាមេដឹកនាំពិភពលោកដទៃទៀត។ មជ្ឈមណ្ឌលនេះ បានបើកទទួលឲ្យបណ្តាមេដឹកនាំពិភព លោក ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលទស្សនាសិក្សាស្រាវជ្រាវពីប្រវត្តិ និងស្នាដៃនៃការដឹកនាំរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបា ក្នុងការដឹកនាំ និងកសាងដែនដីកោះមួយនេះ ទទួលបានឯករាជ្យនិងកសាងសង្គមមួយតាមបែបសង្គមនិយម ក្នុងរយៈពេលជាងកន្លះទសវត្សចុងក្រោយនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំគុយបាជំនាន់ក្រោយ ដែលបានខិតខំបង្កើតនូវមជ្ឈមណ្ឌលនេះឡើង ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានចូលទស្សនា និងសិក្សាស្វែងយល់ពីប្រវត្តិ និងស្នាដៃដ៏មានគុណតម្លៃរបស់ លោក ហ្វីដែល កាស្រ្តូ ក្នុងការដឹកនាំបដែនដីកោះមួយនេះ ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមក។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនាមជ្ឈមណ្ឌល Fidel Castro សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់មជ្ឈមណ្ឌល ដើម្បីទុកជាអនុស្សាវរីយ៍នៅក្នុងមជ្ឈមណ្ឌលផងដែរ។
ខ្លឹមសារនៃការចុះហត្ថលេខាមានអត្ថន័យថា ខ្ញុំសូមកោតសរសើរដល់រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា ចំពោះគំនិតផ្តួចផ្តើមបង្កើតឲ្យមានមជ្ឈមណ្ឌលដ៏ទំនើប និងមានអត្ថន័យមួយនេះឡើង។ បើទោះជាមជ្ឈមណ្ឌលទើបតែបង្កើតឡើងកាលពីឆ្នាំ២០២១កន្លងទៅយ៉ាងណាក៏ដោយ ក៏មជ្ឈមណ្ឌលពិតជាបានបង្ហាញនូវភាពសំបូរបែប ក្នុងការផ្តល់នូវការសិក្សា និងការផ្សព្វផ្សាយគំនិត ទស្សនវិស័យ ជីវិត ការតស៊ូ និងគំរូវីរភាព ដឹកនាំដ៏ឈ្លាសវៃ របស់លោក Fidel Castro បិតាបដិវត្តន៍ឯករាជ្យគុយបាជាប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តជិតស្និទ្ធរបស់កម្ពុជា ជាពិសេសជាមួយអតីតព្រះវររាជបិតាឯករាជ្យជាតិកម្ពុជា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ខ្ញុំពិតជាមានការនឹកស្តាយ និងអាលោះអាល័យ ចំពោះការបាត់បង់នូវវីរបុរស របស់គុយបាមួយរូប ដែលបានចំណាយពេលមួយជីវិត ប្រឆាំងនឹងបច្ចាមិត្ត ជាថ្នាក់ដឹកនាំកំពូលម្នាក់ប្រកបដោយគុណធម៌ដែលតែងផ្តល់ជំនួយ និងការឧបត្ថម្ភ មិនត្រឹមតែចំពោះកម្ពុជា តែដូចជាប្រទេសជាច្រើនលើសាកលលោកផងដែរ។ លើសពីនេះទៀត ការទស្សនាមជ្ឈមណ្ឌល Fidel Castro ដ៏ល្បីល្បាញនេះ បានធ្វើអោយខ្ញុំនឹកដល់ឯកឧត្តម Fidel Castro ជាខ្លាំង ជាពិសេស គឺនឹកដល់ពេលដែលខ្ញុំបានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល៨ម៉ោង ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាកាលពីឆ្នាំ១៩៩៩។ខ្ញុំសូមជូនពរសូមអោយមជ្ឈមណ្ឌលមួយនេះ ទទួលបាននូវការគាំទ្រលើសលប់ និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្តបន្ទាប់ទៀតក្នុងបេសកម្មរបស់ខ្លួន។
បន្ទាប់ពីអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន៕
ដោយ ៖ សុខ ខេមរា