ខេត្តរតនគិរី ៖ ក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់ភ្លាមមួយរំពេចហើយបន្ថែមល្បឿនទៅបាត់ស្រមោលតែម្តងសេសសល់តែបំណែកនៅលើដងផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកអ្នកថ្មើរជើងនោះបានកើតឡើងនៅវេលាម៉ោង១៣៖៥០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២លើកំណាត់ផ្លូវជាតិលេខ៧៦ត្រង់ចំណុចផ្លូវបំបែកចូលស្រែពក ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦៩-២៧០ ស្ថិតនៅក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថាក្មេងប្រុសរងគ្រោះឈ្មោះ សុខ នី ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិដើមភាគតិចព្នង នៅក្នុងបន្ទុកឪពុកម្តាយ ស្រុកកំណើតនៅភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ហើយមានទីលំនៅបច្ចុប្បន្នក្នុងក្រុមហ៊ុនចម្ការចេក (ឡូ៣០)ភូមិស្រែពកតូច ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ។
ប្រភពបន្តថាក្មេងរងគ្រោះនោះធ្វើដំណើរ(ថ្មើរជើង)ពីត្បូងទៅជើងត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ដោយសាររត់ឆ្លងផ្លូវមិនមានការប្រុងប្រយ័ត្នស្របពេលរថយន្តមកដល់ក៏បុកពេញទំហឹង។
ចំណែករថយន្តបង្កម៉ាក Range Rover ពណ៌ខ្មៅ មិនចាំស្លាកលេខ ក្រោយកើតហេតុបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនូវកម្ទេចកំទី ចង្កៀងរថយន្តនៅនឹងកន្លែងកើតហេតុ ធ្វើដំណើរពីត្បូងទៅជើង អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
សពក្មេងរងគ្រោះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកលំផាត់បានធ្វើកំណត់ហេតុប្រគល់ឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយឡែករថយន្តបង្កហេតុបណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់ នោះត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ កំពុងចុះស្រាវជ្រាវរកឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ ៖ ជីវ័ន្ត