ខេត្តកំពង់ចាម៖ នាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភរបស់អង្គការ Good Neighbor International (GNI) ប្រទេសកូរ៉េ និងគាំទ្របច្ចេកទេសដោយអង្គការ UNESCO Bangkok បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសស្ដីពី “ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ” ក្រោមអធិបតីភាព ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដកំពង់ចាម។
សូមបញ្ជាក់ថា, វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្តល់ឱ្យសិក្ខាកាមដែលជាគ្រូឧទ្ទេសមកពីការិយាល័យអប់រំក្រៅប្រព័ន្ធ នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ដ ទទួលបានបទពិសោធន៍សម្រាប់ការបង្រៀនពីចម្ងាយ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងចំណេះដឹងក្នុងការតម្លើង និងប្រើប្រាស់កម្មវិធីមួយចំនួន ដែលគាំទ្រដល់ប្រព័ន្ធគ្រប់គ្រងកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ ដើម្បីយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយ និងបណ្តុះបណ្ដាលបន្តដល់អ្នកសម្របសម្រួល ក៏ដូចជាអ្នកសិក្សាអាចចូលសិក្សាក្នុងប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) បានទំលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោក បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់សិក្ខាកាមជាគ្រូឧទ្ទេសក្នុងការអនុវត្តកម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ ដើម្បីទទួលបានចំណេះដឹងច្បាស់លាស់ និងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សហការី