ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ ក្រសាំងសុីផ្លែ​ ជាឱសថ ជំនួយសរសៃពោះស្រ្តីទើបឆ្លងទន្លេ ទាស់សរសៃ ហើមពោះ និងផ្តាសាយ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ យោងតាមការដងស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ក្រសាំងសុីផ្លែ(wood apply tree) ដើមមានកម្ពស់៦-២០ម មានបន្លារឹងប្រវែង ៨ស.ម ដុះនៅលើស្ទើរតែគ្រប់ផ្នែកនីមួយៗនៃដើម តែមានមែកខ្លះគ្មានបន្លាទេ។ 

ក្រសួង​បរិស្ថាន​ បានគូសបញ្ជាក់ថា​ ស្លឹករួមស្និតសេស (odd-pinnate leaf) កូនស្លឹកមានចំនួន៣-៤គូរ គ្មានទង (petiolule) ឬអាចមានទងខ្លីៗ។ ផ្កាចេញជាបញ្ចុំតាមគល់ ឬចុងមែក មានពណ៌ស និងលឿងខ្ចី មានត្របកផ្លា ៤-៦(sepals) ស្រទាប់ផ្កា ៤-៦(petals) ពណ៌ស កេសរឈ្មោល ១៦-២០ពណ៌ស វែងស្មើនឹងស្រទាប់ផ្កា ហើយមានទងជាប់គ្នានៅបាត។ ផ្លែរាងដុំមូល (globose) មានអង្គត់ផ្ចិត ៤-៨ស.ម។ 

ចំណែក​សម្បកផ្លែ (pericarp) រឹងមានពណ៌បៃតងចាស់ និងមានគ្រាប់ច្រើន។ ផ្កាមានក្លឹនក្រអូបប្រហើរ និងចេញផ្លែនៅក្នុងខែមីនា-កក្កដា។ ជាទូទៅក្រសាំងសុីផ្លែដុះនៅតាមដីពុំសូវមានជីជាតិ នៅតាមទីជនបទ។

សូមជម្រាបថា​ ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖​ ទី១;គ្រឿងទេស ផ្កានឹងស្លឹកខ្ចីធ្វើជាអន្លក់ទឹកគ្រឿង និងសម្លកកូរ។ ផ្លែធ្វើជាសម្លម្ជូរគ្រឿង ប្រហុកកប់។​ និងទី២; ឱសថ សម្បកដើមជំនួយសរសៃពោះស្រ្តីទើបឆ្លងទន្លេ ទាស់សរសៃ ហើមពោះ និងផ្តាសាយ៕

ដោយ​៖សហការី​


ចែករំលែក៖