ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ស.ស.ស.ក) នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះលើ facebook ផ្លូវការរបស់លោក នូវចំណុចសំខាន់ចំនួន៣ ដែលអ្នកសារព័ត៌មាន ត្រូវយកចិត្តទុកដាក់សម្រាប់ការអភិវឌ្ឍន៍ខ្លួនស្របតាមគោលដៅ វិជ្ជាជីវៈ ក្នុងនោះលោកបានសំណេរថា, ថ្ងៃនេះ គឺជាទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងក្របខ័ណ្ឌសារព័ត៌មាន ខ្ញុំយល់ឃើញថា បងប្អូនសារព័ត៌មានទាំងក្នុងទាំងក្រៅ គួរបន្តការយល់ដឹងចំណុច៣សំខាន់៖
១/. ដំណើរប្រវត្តិសាស្ត្រជាតិយើង
២/. សីលធម៌និងសុជីវធម៌ខ្មែរយើង និង
៣/. ឧត្តមគតិស្នេហាជាតិយើង។
លោកបានបន្តថា, ការរលឹកដឹងជាប្រចាំនូវគោលទាំង៣នេះ គឺដើម្បី៖
• កុំឱ្យផលប្រយោជន៍ ទាញសីលធម៌វិជ្ជាជីវៈធ្លាក់ចុះ
• កុំឱ្យបរទេសពង្វក់ទស្សនឯករាជ្យ រហូតឃ្លាតឆ្ងាយពី ព្រលឹងជាតិយើង។
*** ប៉ុល ពត-ខ្មែរក្រហម បានបណ្តុះភាពក្រអឺតក្រទម សួនតួ អាត្មានិយម ស្អប់ កំហឹង គំនុំ ហើយបានបំផ្លាញមនោសញ្ចេតនាខ្មែរយើងដល់ឫសគល់។ ឥឡូវនេះ ជាង៤០ឆ្នាំក្រោយ ទោះបីជាមានអ្នកនយោបាយខ្លះនៅប៉ុនប៉ងដើរតាមផ្លូវនេះ ប៉ុន្តែជាពេលវេលាដែលខ្មែរយើងគ្រប់ផ្នែក រួមទាំងសារព័ត៌មាន រួមគ្នាបណ្តុះឱ្យបានទូលំទូលាយនូវ៖ ក្តីស្រឡាញ់ ❤️ មេត្តា 🙏 សាមគ្គី 🤝 សន្តិភាព 🕊 នៅក្នុងដួងចិត្តខ្មែរគ្រប់ៗរូប 🇰🇭 ៕
ដោយ ៖ សិលា