ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និង ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានបន្តធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងនាំយកអំណោយរបស់ សម្តេចតេជោ នាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតនៅក្នុង ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខជូនពលរដ្ឋរងគ្រោះទាំងអស់ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវត្រៀមជានិច្ច ក្នុងការចុះជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ រួមទាំងបញ្ជូនពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕
ដោយ ៖ សិលា