ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​ធនធាន​ទឹក ​៖​ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់​ ព្រោះទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ ៥ថ្ងៃខាងមុខ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវ​នឹងថ្ងៃទី ២៩ ខែកញ្ញា  ឆ្នាំ ២០២២នេះ​ បានចេញ​សេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ។ 

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​៖​ យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ “NORU” មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ ។ 

ស្ថានភាព​បែប​នេះ​ធ្វេីឱ្យ៖

  ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ ។ 

  ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត ។

  នៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ដោយ​៖ស​ តារា​


ចែករំលែក៖