ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីសម្រេច ស្តីពី “ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅក្រុងបាវិត”

ចែករំលែក៖

ភ្នំពេញ ៖  រាជរដ្ឋាភិបាលសម្រេច បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន (Expressway) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រោមក្របខណ្ឌសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (Build Operate-Transfer) ដែលមានសមាសភាពដូចខាងក្រោម៖

១. លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធាន

២. លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុប្រធាន

៣. លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធាន

៤. លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន អនុប្រធាន និងមានសមាជិកចំនួន ១៣រូប។ 

ប្រការ២ គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖ 

– ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត

 – ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែក

ពន្លឿនការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ក្រុងបាវិត

 – ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី។

គណៈកម្មការនេះ អាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។

អនុប្រធាន និងសមាជិកនៃគណៈកម្មការនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ប្រធានគណៈកម្មការនេះ មានសិទ្ធិអញ្ជើញតំណាងពីក្រសួង ស្ថាប័ននានាឱ្យចូលរួម ដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងករណីចាំបាច់។ គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖