ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ ក្រូចឆ្មារ គឺជាគ្រឿងទេស និងឱសថព្យាបាលជំងឺ​ជាច្រើន​មុខ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី២៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា៖​ យោង​តាមការដកស្រង់ចេញពី​​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ក្រូចឆ្មារដើមមានកម្ពស់៥ម មែកមានបន្លាប្រវែង២-៣ស.ម។ ស្លឹកទោលរាងស៊ុត ឬទ្រវែង ៥-៨ គុណ​និង​២-៤ស.ម៉ែត្រ​ មូលគល់រីកធំកណ្តាលស្រួចចុង ស្លឹកក្រាស់មានក្រពេញតូចៗជាច្រើន គែមស្លឹកមានកំពកៗដូចជាទឹករលក។ ផ្កាពណ៌ស ជួនលាយក្រហមក្រម៉ៅឬស្វាយ ៤-៧ផ្កាតែងផ្តុំជាកញ្ចុំ (fascicles) ជួនកាលមានផ្កាទោលខ្លះ។ ត្របកផ្កាជាប់គ្នាមានរាងជាកូនកែវហើយលើកែមមានធ្មេញ៤-៥។ ស្រទាប់ផ្កា៤-៥ពណ៌ស ខាងក្នុងពណ៌ស្វាយខ្ចីខាងក្រៅ។ កេសរឈ្មោលច្រើន ១៥-២៥។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ផ្លែរាងដុំមូល (globose) មានអង្កត់ផ្ចឹត៤-៥សងទីម៉ែត្រ មាន៩-១០ក្លែប សម្បកផ្លែ (pericarp) មានក្រពេញប្រេងច្រើន។ ផ្លែពណ៌បៃតងចាស់ពេលនៅខ្ចី ពណ៌លឿងនៅពេលទុំ។ ក្លែបនីមួយៗមាន ០-៣គ្រាប់។ គ្រាប់រាងមូលស្តួចចុង (ovoid) សំប៉ែតម្ខាង។ ដើមមានផ្កានៅរដូវចាប់ធ្លាក់ភ្លៀង មានផ្លែនៅរដូវអន់ភ្លៀងរហូតដល់ដាចរដូវក្តៅ។ 

ដោយឡែក​ស្លឹកនឹងសម្បកផ្លែ មានក្រពេញប្រេងក្រអូបឈ្ងុយ។ សាច់ក្នុងក្លែប (sarcocarp) មានជាតិជូរខ្លំង។ គេដាំនៅស្ទើរគ្រប់កន្លែងនៅប្រទេសកម្ពុជា តាមតំបន់ដីមិនលិចទឹក មានអាកាសធាតុសើមហើយក្តៅល្មម។

ចំណែក​ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖

_គ្រឿងទេស ជាម្ជូរក្នុងម្ហូបអាហារ ដូចជាស្ងោរជ្រក់ ទឹកត្រីបុក ជ្រក់ភ្លា ក្រូចងាំង៉ូវ។ល។ 

_ ឱសថ បញ្ចុះកម្តៅ បន្ទន់លាមក ជំនួយកម្លាំង ស្រពន់ដៃជើង ស្ពឹក ឈឺសន្លាក់ឆ្អឹង ឈឺបំពង់ក ក្អក និងរាក់សុីធ្មេញ៕

ដោយ​៖ស​ តារា​


ចែករំលែក៖