ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនជាតិចិនម្នាក់​ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ពាក់ព័ន្ធករណី​ចូលមកកម្ពុជាដោយខុសច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ បុរស​ជនជាតិ​ចិនវ័យ​ក្មេង​​ម្នាក់​ បានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ការិ​យា​ល័យស៊េីបអង្កេត​ និងអុវត្តនីតិវិធីការ​ងា​រអន្តោប្រវេសន៍​ ឃាត់ខ្លួន​នៅខេត្ត​បាត់ដំបង​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់របស់លោ​ក​ឧត្តមសេ​នី​យ៍​ត្រី​ អេង​ ដាញ់ប៊ុនចាន់​ ស្នងការរងផែនការ​ងា​រអន្តោប្រវេសន៍​ លោក​វរសេនីយ៍ឯក​ គង់​ផុន​ដា​ នាយការិ​យា​ល័យស៊េីបអង្កេតនិងអុវត្តនីតិវិធី​ដឹកនាំកម្លាំងការិ​យាល័យជំនាញបា​ន​សហការជាមួយកម្លាំងនគរ​បាលនៃអធិ​ការ​ដ្ឋាននគរបាល ក្រុងបាត់ដំបង ដែល​មានលោកវរសេនីយ៍ឯកពេជ្រ​ សារ៉ែន​ ជាអធិ​ការ​ កាលពីថ្ងៃទី​២៨​ ខែកញ្ញា​ម្សិលមិញនេះ​ បានឃាត់ខ្លួន​ជន​ជាតិចិន ម្នាក់ឈ្មោះ ឆាង​ អ៉ិលីង​ (CHH​AN YI LIN) ភេទប្រុស អាយុ ១៨ឆ្នាំ​ មិនមា​ន​លិខិត​ឆ្លង​ដែនយកមកកាន់ស្នងការដ្ឋាន​នគរបាលខេត្តបាត់​ដំបង ដើម្បីសាកសួរ​ ខណៈជនជាតិចិននេះមានវត្តមានក្នុងខេត្តបាត់ដំបង​ ។

ក្រោយពេលសមត្ថកិច្ចជំនាញ សាក​សួរជនជាតិចិនខាងលើ ឆ្លេីយបំភ្លឺថាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០​២២ បានលួចឆ្លងដែនខុសច្បាប់ដោយបានជិះរថយន្តឈ្នួល ពីប្រទេសចិន មកប្រទេសវៀតណាម តាមរយៈក្រុម​ហ៊ុនឈ្មោះ WANG HANÀ YU XIAN​G​ និងបន្តចូលមកព្រះ​រាជាណាចក្រកម្ពុជា ស្នាក់នៅ ក្រុងភ្នំពេញ ហេីយបន្តស្នាក់នៅខេត្តពោធិ៍សាត់មួយរយៈ ។

លុះដល់ថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២២​ ​ក្រុមហ៊ុនខាងលេី បាន​បញ្ជូនចូលទៅក្រុងប៉ោយប៉ែតតាមរយៈរថយន្តតាក់ស៊ី មកដល់កន្លែងលក់បាយមួយកន្លែង នៅក្នុងក្រុងបាត់ដំបង រូបគាត់បានរត់គេចពីទីនោះ ។​ រហូតដល់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០​២២ម្សិលមិញនេះ​ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនធ្វើការ​សាកសួរ ជនបរទេសខាងលើបា​ន​ទទួលស្គាល់ថា រូបខ្លួនពិតជាបា​នលួ​ច​ឆ្លងដែននិងស្នាក់នៅខុស​ច្បាប់​ ពិតប្រាកដមែន ។

បច្ចុប្បន្នជនជាតិចិនរូបនេះ​ នៅថ្ងៃព្រហស្បតិ៍​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​សមត្ថកិច្ចបានបញ្ជូនខ្លួនទៅអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖