ខេត្តរតនគិរី ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃពោលគឺលើរថយន្ត១គ្រឿង បណ្តាលឲ្យរងការខូចខាតហើយជិះម៉ូតូ រត់គេចខ្លួនមិនបានប៉ុន្មាននាទីផង ក៏ជាប់អន្ទាក់របស់សមត្ថកិច្ច កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោកវរសេនីយ៍ឯក ថេង ច័ន្ទធី អធិការនគរបាលស្រុកបរកែវ ឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងប្តឹងតាមរយៈប្រព័ន្ធទូរស័ព្ទមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលឡាមិញថា មានករណីជនសង្ស័យ៣នាក់ជិះម៉ូតូ១ គ្រឿងយកកាំបិតមកកាប់លើរថយន្តនៅចំណុចផ្លូវជាតិលេខ៧៨(ផ្លូវភ្លោះ)មុខផ្ទះឈ្មោះ កុង លក់សាច់ពពែអាំង នៅខាងកើតផ្សារស្រុកបរកែវ។ ពេលនោះកម្លាំងប៉ុស្តិ៍ឡាមិញបានចេញស្ទាក់ក៏ប្រទះឃើញម៉ូតូ១គ្រឿងជិះគ្នា៣នាក់ ដោយម្នាក់ជិះខាងក្រោយមានកាន់កាំបិតនៅនិងដៃ ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានដេញតាមចាប់រហូតដល់ផ្លូវបំបែកចូលភូមិលូត ទើបចាប់បាន២នាក់និង ម៉ូតូ១គ្រឿង ហើយម្នាក់ទៀតជិះខាងក្រោយបានលោតចុះរត់គេចខ្លួនបាត់ស្រមោល។
លោកវរសេនីយ៍ឯក ថេង ច័ន្ទធី បានបញ្ជាក់ទៀតថា ជនសង្ស័យជាក្មេងទំនើង៣នាក់មានឈ្មោះ ១-ឈ្មោះ ប៊ិន សាវង្ស ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ,២-ឈ្មោះ ថែល គ្នា ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកជិះកណ្តាលនិង៣-ឈ្មោះ គិន ប៊ីន ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាប់ បានលោតចុះរត់គេចខ្លួនបាត់ ដោយយកកាំបិតផ្គាក់ទៅជាមួយផង។ អ្នកទាំង៣នាក់រស់នៅភូមិកាម៉ែន ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
លោកអធិការបន្តថា ជនរងគ្រោះឈ្មោះ បិន សីហា ភេទ ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី បើកបររថយន្តម៉ាក តាកូម៉ា ហ៊ីលុច ពណ៌ខៀវ ពាក់ស្លាកលេខ រតនគិរី 2A-2553 ម្ចាស់រថយន្តគ្មានទំនាស់នឹងជនសង្ស័យទេ។ ពួកគេឃើញរថយន្តបញ្ឈរចោលនៅមុខផ្ទះក៏កាប់តែម្ដងទៅ។
បច្ចុប្បន្ន វត្ថុតាងម៉ូតូ១គ្រឿងម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ទូរស័ព្ទដៃម៉ាក vivo ចាស់ពណ៌ខ្មៅ១គ្រឿង និងជន សង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំ រឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ទៅតាមនីតិវិធី៕
ដោយឡែកជនដៃដល់បានកាប់រថយន្តសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួនដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕
ដោយ៖ សូរិយា