ខេត្តរតនគិរី ៖ រថយន្តមួយគ្រឿងកំពុងតែធ្វើចរាចរណ៍នៅលើដងផ្លូវជាតិ ស្រាប់តែរបូតកង់ក្រោយហើយក៏បោល រមៀលទៅបុកនារីម្នាក់បណ្តាលឲ្យរបួសធ្ងន់ ក្រោយមកដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកូនមុំក៏បានស្លាប់បាត់បង់ជីវិតយ៉ាងសង្វេគ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មិននឹកស្មានមិនដល់នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគីរី។
មន្ត្រីនគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុី ភា ភេទស្រីអាយុ៣២ឆ្នាំមុខរបរកសិករមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ក្រោយពេលដឹកបញ្ជូនទៅដល់មណ្ឌលសុខភាពស្រុកកូនមុំក៏បានស្លាប់ស្លាប់ចោលប្តីនិងកូននៅតូចៗគ្មានម្តាយថែទាំតទៅទៀតនោះ។
មន្ត្រីនគរបាលខាងលើបញ្ជាក់ថា រថយន្ត១គ្រឿងដែលបង្កឲ្យមានមនុស្សស្លាប់នោះម៉ាក SCANIA ប្រភេទវេអង ពាក់ស្លាកលេខខាងមុខ រតនគិរី3A-8866 និងកន្ទុយរ៉ឺម៉កកំពង់ស្ពឺ4A-0255។ ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើករត់គេចចេញពីកន្លែងកើត ហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានដេញតាមទាន់នៅត្រង់ចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ ចំណែកអ្នបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បន្សល់ទុករថយន្តនៅតាមផ្លូវហើយរត់គេចខ្លួនបាត់ស្រមោល។
មន្ត្រីនគរបាលស្រុកបានបញ្ជាក់ថា រថយន្តវេអងបើកបរក្នុងទិសដៅពីកើតទៅលិចមកពោលគឺចេញពីខេត្ត រតនគិរីឆ្ពោះទៅអូរពងខេត្តស្ទឹងត្រែង។លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរបូតកង់ខាងក្រោយផ្នែកខាងស្តាំ ទៅបុកស្ត្រីម្នាក់កំពុងឈរទិញបន្លែដើម្បីយកមកធ្វើម្ហូបឲ្យប្តីនិងកូនហូបបណ្ដាលឱ្យស្លាប់ចោលប្ដីនិងកូនឲ្យទាំងអាឡោះអាល័យបំផុត។
បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ រឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ចំណែកសពជនរងគ្រោះកម្លាំងជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សូរិយា