ភ្នំពេញ ៖ ក្នុងខែសីហា ! ទំព័រហ្វេសប៊ុករបស់ សម្តេចក្រឡាហោម សខេង បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន១៥៧គណនី។ នេះបើយោងតាមប្រសាសន៍ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា, បងប្អូនជនរួមជាតិជាទីគោរព!
ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ប្រចាំខែសីហា ឆ្នាំ២០២២ នេះ។
សម្តេចបានបន្តថា, នៅក្នុងខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន១៥៧គណនី។
ជាមួយគ្នានេះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន១០គណនី។ បូករួមទាំងករណីសេសសល់កាលពីខែមុនៗ និងក្នុងខែសីហា គឺនៅមានករណីចំនួន៣១៣ទៀត កំពុងស្ថិតក្នុងការដោះស្រាយតាមនីតិវិធីក្រុមការងារ និងអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ។
ដោយឡែក ក៏នៅមានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀតដែលបងប្អូនជនរួមជាតិបានផ្ញើមក ហើយត្រូវបានក្រុមការងាររកឃើញថាករណីទាំងនោះខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្រុមការងារក៏បានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
វឌ្ឍនភាពការងារនេះ អាចសម្រេចបានក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។
សម្តេចក្រឡាហោម សខេង បានលើកឡើងថា, ខ្ញុំសូមកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និង ផលប្រយោជន៍ ។ល។
ខ្ញុំក៏សុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ គប្បីបន្តខិតខំពន្លឿនការដោះស្រាយករណីដែលនៅសេសសល់ ហើយត្រូវប្រាកដថាការដោះស្រាយទាំងអស់នោះត្រូវតែដោះស្រាយឱ្យបានល្អ គ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល។
ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
ជាថ្មីម្តងទៀតខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕
ដោយ : សិលា