ព័ត៌មានទាន់ហេតុការណ៍៖

ចិន-ជប៉ុនសម្រេចបង្កើនទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា ប្រមុខដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីទាំងពីរ គឺចិននិងជប៉ុនបានលើកឡើងនៅថ្ងៃទី ២៩ខែកញ្ញានេះថា ទំនាក់ទំនងទ្វេភាគីក្នុងទិសដៅវិជ្ជមានគឺជារឿងសំខាន់បំផុត ខណៈដែលមេដឹកនាំទាំងពីរបានប្រារព្ធខួប៥០ឆ្នាំនៃការផ្សារភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ចំពេលភាពតានតឹងកើនឡើង។
បណ្តាញទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ក្នុងជំនួបតាមទូរស័ព្ទមួយ ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ិដា ដោយផ្សារភ្ជាប់នូវសារៈសំខាន់នៃទំនាក់ទំនងចិន-ជប៉ុន ហើយលោកមានឆន្ទៈក្នុងការធ្វើការជាមួយសមភាគីជប៉ុន ដើម្បីកសាងទំនាក់ទំនងនេះបន្ថែមទៀត។ ដោយឡែក ក្នុងសុន្ទរកថាសា្វគមន៍មួយពីទីក្រុងតូក្យូ លោក គីស៉ិដា បានប្រាប់លោក ស៉ី ថា ទំនាក់ទំនងទ្វេភាគីកំពុងជួបនឹងបញ្ហាប្រឈមជាច្រើន ហើយឥឡូវនេះលោកសង្ឃឹមថានឹងអាចត្រួសត្រាយផ្លូវសម្រាប់អនាគតថ្មី។
លោក គីស៉ិដា បានគូសបញ្ជាក់ទៅកាន់លោក ស៉ី យ៉ាងដូច្នេះថា «ប្រទេសជប៉ុននិងចិនបានចែករំលែកនូវទំនួលខុសត្រូវដ៏អស្ចារ្យក្នុងការសម្រេចបានសន្តិភាព និងភាពរុងរឿងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងទិដ្ឋភាពនៃ ៥០ឆ្នាំខាងមុខ… ខ្ញុំសង្ឃឹមថានឹងធ្វើការជាមួយអ្នកដើម្បីកសាងទំនាក់ទំនងជប៉ុន-ចិនប្រកបដោយការស្ថាបនានិងស្ថិរភាព»។
ទំនាក់ទំនងរវាងចិននឹងជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរ និងជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំទីបីរបស់ពិភពលោក ស្ថិតក្នុងភាពតានតឹងជាយូរណាស់មកហើយលើបញ្ហាកោះមានជម្លោះ ឥទ្ធិពលក្នុងតំបន់ និងកេរដំណែលនៃការត្រួតត្រារបស់ជប៉ុនកាលពីសម័យសង្រ្គាមមកលើផ្នែកនៃប្រទេសចិន៕

ដោយ៖ ធីរីណា(រូប​ថត​:  Vietnam+)

 


ចែករំលែក៖