ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១០០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩០៧គ្រឿង ម៉ូតូចំនួន ៧០០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៨១គ្រឿង មានម៉ូតូចំនួន ១៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល២៩ថ្ងៃ(ថ្ងៃទី០១-២៩ ខែកញ្ញា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៤៨.៨៧៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧.១៤២គ្រឿង ម៉ូតូមានចំនួន ៥.៧៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៩ថ្ងៃនៃខែកញ្ញានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ អរុណរះ(រូបភាព៖ ឯកសារ)