ភ្នំពេញ ៖ រថយន្ត២គ្រឿង បានបើកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើលឡើងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៦ និង០០នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ។
រថយន្តបង្ក ម៉ាក ឡិចសុីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-8690 ។ ចំណែករថយន្តរងគ្រោះ ជាប្រភេទរថយន្តកូរ៉េ ដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រៃវែង 3A-1949 ។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ ឱ្យដឹងថា នៅមុនកើតហេតុគេសង្គេតឃើញរថយន្តបង្ក បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម ។ ខណៈដល់ចំណុចកើតហេតុ រថយន្តបង្ក ក៏បានវ៉ារថយន្តមួយគ្រឿងមិនចាំម៉ាក ដែលធ្វើដំណើរនៅខាងមុខខ្លួន ដោយវ៉ាទៅខាងឆ្វេងដៃ ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តកូរ៉េដឹកទំនិញ មួយគ្រឿងទៀត ដែលកំពុងបើកបរធ្វើដំណើរលើផ្លូវអាទិភាពរបស់គេ ចំពីចំហៀងមុខផ្នែកខាងឆ្វេងពេញទំហឹង លាន់ស្នូរដូចរន្ទះ បណ្តាលឱ្យរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខដូចគ្នាយ៉ាងដំណំ ។ ប៉ុន្តែមិនមានមនុស្សណាម្នាក់ រងរបួសឡើយ ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាង ។ បន្ទាប់ពីទទួលការសម្របសម្រួល ភាគីខាងម្ចាស់រថយន្តបង្ក សុខចិត្តចេញសងថ្លៃជួសជុលទាំងស្រុងលើរថយន្តរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕
ដោយ៖សុខាសែនជ័យ