ព័ត៌មានទាន់ហេតុការណ៍៖

អ្នកកាសែតបាញ់បោះសេរី ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្រោមបទចោទចំនួន ៣បទល្មើស

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នកយកព័ត៌មានឲ្យគេហទំព័រ សង្គម​អភិវឌ្ឍន៍ ដែលមានកាំភ្លើងបាញ់បោះយ៉ាងអាណាធិបតេយ្យ បង្កការភិតភ័យដល់ប្រជាពលរដ្ឋ និងបង្កការខូចខាតរថយន្តចំនួន ២គ្រឿងនោះ  ដាក់​ពន្ធនាគារជា​បណ្តោះអាសន្នក្រោមបទចោទកាន់កាប់​អាវុធ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ តាម​មាត្រា​២០​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​គ្រាប់រំសេវ មាត្រា​៤១៣ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។

សូមបញ្ជាក់ថា, ជន​ត្រូវ​ចោទ​ឈ្មោះ ញឹក សុ​វុ​ត្ថា ហៅ​ស្រួច ហៅថា​ច (​មាន​សារធាតុញៀន​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​​សារព័ត៌មានសង្គម​អភិវឌ្ឍន៍ នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ​។

សូមជម្រាបថាកាលពីម៉ោង៨៖០០ព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងបានដកកាំភ្លើងបាញ់មួយគ្រាប់ ត្រង់ចំណុចផ្លូវជាតិលេខ ៦អា ស្ថិតនៅខាងជើងវត្តព្រែកលៀប ប្រមាណជាង ១០០ម៉ែត្រ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ក្រោយធ្វើសកម្មភាពរួច ម៉ោង ២រសៀលខ្មាន់កាំភ្លើងបានជិះម៉ូតូបន្តទៅធ្វើសកម្មភាពបាញ់បោះនៅត្រង់ចំណុចស្ពានអាកាសជម្ពូវ័ន កែងមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បន្តទៀត ហើយក៏បានជិះម៉ូតូគេចខ្លួន តាមផ្លូវជាតិលេខ៤ ទៅទិសខាងលិចបាត់។

ក្រោយមកទៀតខ្មាន់កាំភ្លើងដដែល បានជិះដល់ផ្សារបែកចាន ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបាញ់រថយន្ត ២គ្រឿងទៀតបណ្តាលឲ្យរងការខូចខាត ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យម្ចាស់រថយន្តរងគ្រោះថ្នាក់នោះទេ។

ក្រោយធ្វើសកម្មភាពរួចខ្មាន់កាំភ្លើងជាអ្នកសារព័ត៌មានរូបនេះ បានព្យាយាមគេចខ្លួន ប៉ុន្តែកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុច ផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាលតែម្តង ។

សូមជម្រាបជូនថា, ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនអ្នកកាសែតរូបនេះ ក្នុងបទល្មើសជាក់ស្តែង យកមកសួរនាំតាមនីតិវិធី។ ជុំវិញករណីនេះ មជ្ឈដ្ឋានទូទៅ គាំទ្រចំពោះចំណាត់ការ របស់សមត្ថកិច្ច បានឃាត់ខ្លួនជនល្មើសទាន់ពេលវេលា ពិសេសបុគ្គលនេះ ធ្វើឱ្យប៉ះពាល់ នូវសេចក្តីថ្លៃថ្នូរ របស់អាជីពអ្នកសារព័ត៌មាន យ៉ាងធ្ងន់ធ្ងរ ដែលគ្មានវិជ្ជាជីវៈ ក្រមសីលធម៌ នោះ ៕

ដោយ : សហការី


ចែករំលែក៖