ខេត្តព្រះសីហនុ ៖ បច្ចុប្បន្នភាព គិតត្រឹមម៉ោង១៦និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ មានករណីប្រទះឃើញសាកសព ចំនួន០៨នាក់បានអណ្ដែតមកដល់ឆ្នេរសមុទ្រកោះត្រល់ ខាងប្រទេសវៀតណាម។ តាមការសន្និដ្ឋានសាកសពទាំងអស់នេះគឺជាជនរងគ្រោះលិចទូក។ នេះបើយោងតាមផេកប្រជាជន ខេត្តព្រះសីហនុ បង្ហោះ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
សូមជម្រាបជូនថាគិតត្រឹមម៉ោងនេះ ជនរងគ្រោះជាជាតិចិនចំនួន៤១នាក់ ដែលជួបហេតុការណ៍លិចទូកត្រូវបានជួយសង្គ្រោះ និងរកឃើញគ្រប់ចំនួនហើយ ដោយក្នុងនោះកម្ពុជាសង្គ្រោះ និងរកឃើញចំនួន២៤នាក់ (ស្លាប់០៣នាក់) និងវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៧នាក់ (ស្លាប់០៨នាក់)។
សូមបញ្ជាក់ថា, កន្លងទៅអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា «តុល្យការចុងក្រោយ ជនរងគ្រោះដោយសារលិចទូកនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប ៤១នាក់ ជួយសង្គ្រោះបាន ២០នាក់ (ស្លាប់ ១នាក់) និងបាត់ខ្លួន ២១នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក។
សូមជម្រាបថា ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែកញ្ញាថា កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ មានករណីលិចទូកចំនួន ១គ្រឿង ស្ថិតនៅចំណុចនិយាមកាម ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន ១៦ នាក់ និងមធ្យោបាយចំនួន ២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន ១៨នាក់ ។
បច្ចុប្បន្នរកឃើញគ្រប់ចំនួនហើយ ដោយក្នុងនោះកម្ពុជាសង្គ្រោះ និងរកឃើញចំនួន២៤នាក់ (ស្លាប់០៣នាក់) និងវៀតណាមសង្គ្រោះនិងរកឃើញចំនួន១៧នាក់ (ស្លាប់០៨នាក់) ៕
ដោយ ៖ សិលា