ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រថយន្តស៊េរីទំនើបlexus570 ពាក់ស្លាកលេខភ្នំពេញ២-AQ 2225 សង្ស័យរបស់លោកធំម្នាក់នៅខេត្តមណ្ឌលគិរី បុកមនុស្សស្លាប់ពីរនាក់នៅខេត្តត្បូងឃ្មុំ !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើប lexus570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២- AQ 2225​ ដែលគេសង្ស័យថាជារថយន្តរបស់លោក​អភិបាលខេត្ត​មណ្ឌលគិរី​ បានបុកគ្នាជាមួយនិងម៉ូតូរុឺម៉កបណ្ដាលឱ្យមនុស្សស្លាប់០២នាក់យ៉ាងអាណោចអាធ៌ម។

ហេតុការណ៍រន្ធត់នេះកើតឡើងកាល វេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្ត Lexus570ពណ៌ខ្មៅ របស់លោកធំម្នាក់នៅខេត្តមណ្ឌលគិរី  និង ម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ (គ្មានអាវ) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅដែលបើកមកបុកពេញទំហឹង ហើយអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ 

ប៉ុន្តែអាចសមត្ថកិច្ច និងជំនាញ ស្រាវជ្រាវតាមស្លាកលេខ ឬ លេខតួ លេខម៉ាស៊ីន ដើម្បីរកអត្តសញ្ញាណជនបង្កហេតុ បណ្តាលឱ្យមនុស្សស្លាប់២នាក់ មកទទួលទោសទណ្ឌតាមច្បាប់។

ប្រភពពីអ្នកឃើញហេតុការណ៍ឱ្យដឹងថា រវាងម៉ូតូនិងរថយន្ត បានបើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើឱ្យរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉កទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើករថយន្តវិញ បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត lexus 570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២- AQ 2225 និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀតតាមនីតិវិធី៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖