ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ថោង ខុន ថ្លែងសុន្ទរកថា តំណាងឲ្យថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ G20 ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី ៖ នៅព្រលប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា, ក្នុងឱកាសដែលកម្ពុជាជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ត្រូវបានអញ្ជើញចូលរួមដោយប្រទេសឥណ្ឌូនេស៊ី ថ្លែងសុន្ទរកថា តំណាងឲ្យថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន នៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ G20 ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដែលមានខ្លឹមសារបកប្រែជាភាសាខ្មែរ និងអត្ថបទដើមជាភាសាអង់គ្លេស ដូចមានភ្ជាប់៖

១. ជាកិច្ចចាប់ផ្តើម ( យើងខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម Sandlaga Salahuddin – Uno រដ្ឋមន្ត្រី ទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតនៃប្រទេសឥណ្ឌូនេស៊ី ជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ G20 ដែលបានអញ្ជើញកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនបច្ចុប្បន្ន ដើម្បីតំណាងវិស័យទេសចរណ៍អាស៊ាន ក្នុងកិច្ចប្រជុំដ៏សំខាន់ នាពេលនេះ។

២. ប្រធានបទ ក្នុងអាណត្តិឥណ្ឌូនេស៊ីជាប្រធាន G20 ស្តីពី”ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញខ្លាំងជាង មុន (Recover Together, Recover Stronger) ពិតជាសមស្របនិងមានភាពពាក់ព័ន្ឋខ្ពស់ ព្រមទាំងបាន ផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការរួបរួមគ្នាររវាងប្រជាជាតិ និងប្រជាជន ដើម្បីបង្កើនល្បឿននៃការស្ដារ ឡើងវិញនៅក្រោយពេលវិបត្តិក្ខវីដ ១៩។ ខ្ញុំជឿជាក់ថា ប្រធានបទនេះ ក៏មានភាពសមគ្នាជាមួយនឹងប្រធាន បទ របស់អាស៊ាន ក្នុងអាណត្តិភាពជាប្រធានប្តូរវេនរបស់កម្ពុជាឆ្នាំ២០២២ “អាស៊ានរួមគ្នាធ្វើ, ដោះសយបញ្ជ ប្រឈមរួមគ្នា” (AC.T: Addressing Challenges Together) ជាពិសេស ក្នុងបរិបទនវិស័យ ទេសចរណ៍ដែលជាវិស័យមួយទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយវិបត្តិកូវីដ-១៩។

៣.សូមការអនុញ្ញាតឲ្យខ្ញុំ ចែករំលែកបទពិសោធន៍របស់កម្ពុជា។ ក្នុងអំឡុងពេល ២ឆ្នាំ កន្លងមក ដើម្បីប្រយុទ្ឋ ប្រឆាំងនឹងវិបត្តិកវីដ១៩ កម្ពុជាបានដាក់ចុះ យ៉ាងមានប្រសិទ្ឋភាព នូវវិធានការសុខាភិបាល សង្គម និង រដ្ឋបាល នានា ស្របជាមួយនឹងការអន្តរាគមន៍វិស័យសេដ្ឋកិច្ចផ្សេងៗ ។

៤. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានយុទ្ឋសាស្ត្រគន្លឹះ ដើម្បី បើកប្រទេសឡើងវិញ។ ការណីនេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងបណ្តាប្រទេស ដែលមាន ប្រជាពលរដ្ឋចាក់វ៉ាក់សាំងខ្ពស់បំផុត និងសម្រេចបាននូវភាពស៊ាំក្នុងសហគមន៍ ហើយកម្ពុជាអាចបើក ប្រទេសបានយ៉ាងពេញលេញ ចាប់ពីចុង ឆ្នាំ២០២១ មក។ សកម្មភាពសេដ្ឋកិច្ច និងសង្គម ទាំងអស់បានដំណើរ ការឡើងវិញសាជាថ្មី ក្នុងគន្លងប្រក្រតីថ្មី ក្នុងនោះ ក៏មានការបើកព្រំដែនឡើងវិញទទួលអ្នកធ្វើដំណើរចាក់វ៉ាក់ សាំងពេញលេញ ផងដែរ។

៥. ជាប់ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ប្រទេសកម្ពុជាកំពុងអនុវត្តយ៉ាងសកម្ម និងយ៉ាងមានប្រសិទ្ឋភាព នូវផែនទី ចង្អុលផ្លូវសម្រាប់ការស្ដារទេសចរណ៍កម្ពុជា ឆ្នាំ២០២០–២០២៥ ដែលមាន៣ដំណាក់កាល៖

– ដំណាក់កាលទី ១)ភាពធន់ និង ការចាប់ផ្ដើមឡើងវិញ “Resilience and Restart”២០២០-២០២១

-ដំណាក់កាលទី ២)ការស្ដារឡើងវិញ “Recovery” ២០២២-២០២៣

– ដំណាក់កាលទី ៣)ការរៀបចំអនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា “Relaunch” ២០២៤-២០២៥ ដំណាក់កាលនីមួយៗមាន យុទ្ធសាស្ត្រចំនួន ៣។

ឯកឧត្តម លោកជំទាវ លោក លោកស្រី

៦. ក្នុងគ្រួសារអាស៊ាន តាមរយៈការប្រយុទ្ធប្រឆាំងនឹងវិបត្តិក្ខវីដ ១៩ យើងបានឃើញ សាមគ្គីភាពមួយកាន់ត រឹងមាំ ជាងពេលណាទាំងអស់ ដើម្បីឆ្លើយតបឲ្យបានទានំពេលវេលាទៅនឹងការរីករាលដាលនៃជំងឺ រាតត្បាតនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានរៀបចំកិច្ចប្រជុំពិសេសតាមប្រព័ន្ធអនឡាញ ស្ដីពីវិបត្តិកូវីដ ១៩ ក្នុងខែមេសា ឆ្នាំ២០២០ និងបានកំណត់ដាក់ចេញ ប្រកបដោយការទទួលខុសត្រូវ និងបុរេសកម្ម នូវអាទិភាព មួយចំនួន សម្រាប់អនាគត ។ លើសពីនេះទៀត ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឲ្យគិតគូរលើការបើកតំបន់ និងបន្តជំរុញទេសចរផ្ទៃក្នុងអាស៊ាន។ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានរួមគ្នាគាំទ្រ និងប្រកាស ការបើកទេសចរណ៍អាស៊ានជាបណ្តើរៗ អមដោយការដាក់ចុះនូវទិសដៅអនាគតមួយចំនួន។ ចាប់ពីពេលធ្វើការប្រកាសមកប្រទេសជាសមាជិកបានចាប់ផ្តើមបើកប្រទេសឡើងវិញនៅក្នុងល្បឿន ផ្សេងៗគ្នា។

នៅទីនេះ ខ្ញុំសូមធ្វើការចែករំលែកនូវអាទិភាពមួយចំនួន ដើម្បីអភិវឌ្ឍតំបន់ឆ្លើយតបនឹងនិន្នាការ ទេសចរណ៍ នាពេលអនាគត ដែលផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើប្រជាជន និងបរិវត្តកម្ម៖

៧. ទី១ យើង (អាស៊ាន) កំពុងធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធររដ្ឋាភិបាលនានា វិស័យឯកជន និងអង្គការ អន្តរជាតិជាច្រើន ក្នុងការអនុវត្តផែនការស្តារទេសចរណ៍អាស៊ានឡើងវិញ ក្រោយវិបត្តិក្ខវីដ -១៩ ដែលបាន អនុម័តក្នុង ឆ្នាំ២០២១។

៨. ទី២ អាស៊ានរៀបចំក្របខ័ណ្ឌអាស៊ានស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពក្រោយ វិបត្តិក្ខវីដ១៨ ដើម្បីធ្វើឲ្យតំបន់អាស៊ានក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយចីរភាពនាំមុខ។

៩. ទី៣ អាស៊ាននឹងផ្តោតការយកចិត្តទុកដាក់ពិសេសលើការគាំទ្រសហគ្រាសខ្នាតតួចបំផុត ខ្នាតតួច និងខ្នាត មធ្យម (MSMEs) និងការលើកតម្កើងឱកាសស្មើគ្នាសម្រាប់ការងារសហគមន៍មូលដ្ឋាន ដូចបានចែងក្នុង សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីបដិវត្តកម្មទេសចរណ៍អាស៊ាន ដែលនឹងត្រូវដាក់ជូនសុំការអនុម័តពីកិច្ច ប្រជុំកំពូលអាស៊ាន លើកទី២០ ក្នុង ឆ្នាំ២០២២ នេះ។

១០. ទី៤ អនាម័យ និងសុវត្ថិភាព ក៏ជាអាទិភាពចម្បងក្នុងអាស៊ាន។ ដើមឆ្នាំនេះ ក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅកម្ពុជា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអនុម័តគោលការណ៍ណែនាំស្តី អនាម័យ និងសុវត្ថិភាព សម្រាប់អ្នកជំនាញ និងសហគមន៍ទេសចរណ៍ អមដោយ ឡាបិលធ្វើដំណើរសុវត្ថិភាពអាស៊ាន “សុវត្ថិភាព និងភាពកក់ក្ដៅ(Safe and Warm)”

១១. ទី៥ ចំពោះផ្នែកទីផ្សា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអនុម័តស្លាកសញ្ញាផ្សព្វផ្សាយទេសចរណ៍អាស៊ាន ព្រមទាំងពាក្យស្លោកថ្មី ដែលផ្សព្វផ្សាយអាស៊ានជា “គោលដៅសម្រាប់គ្រប់ក្តីស្រមៃ (A Destination for Every Dream)”

១២. ទី៦ អាស៊ាន កំពុងរៀបចំរបាយការណ៍សិក្សាគ្រប់ជ្រុងជ្រោយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្ន ទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍(ASEAN MRA-TP) ដែលនឹងក្លាយជាលទ្ឋផលអាទិភាពសំខាន់មួយ សម្រាប់អាស៊ាន ឆ្នាំ២០២២ ដើម្បីផ្ដល់អត្ថប្រយោជន៍ជាអតិបរិមា ដល់ការបន្តជំរុញការអភិវឌ្ឍធនធាន មនុស្សក្នុងវិស័យទេសចរណ៍អាស៊ាន។

១៣. ជាចុងក្រោយ អាស៊ានកំពុងជំរុញ ឌីជីថលបនីយកម្ម ការកាត់បន្ថយកាបូន និងសេដ្ឋកិច្ចចក។ ដោយរបៀបវារៈទាំងអស់នេះ ដើរតួយ៉ាងសំខាន់ក្នុងការជំរុញចីរភាព រួមមានវិស័យទេសចរណ៍ផងដែរ យើងសង្ឃឹមថា អាស៊ាន និងG20 អាចរៀបចំបង្កើត ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរួមមួយ កំណត់ចេញនូវ គម្រោង និងផែនការសកម្មភាព នានា។

១៤. យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការរបស់ពួកយើងគឺជាគន្លឹះសម្រាប់ឈានដល់វិស័យទេសចរណ៍ដែល មានចីរភាព ប្រកបដោយបរិយាបន្ន និងភាពធន់។ ក្នុងន័យនេះ អាស៊ានមានបំណងស្វែងរកការគាំទ្រ និង សហការជាមួយ G20 និងដៃគូរ ដើម្បីបង្កើនភាពស៊ីសង្វាក់គា្ន និងការបំពេញបន្ថែម។ លេខាធិការដ្ឋានអាស៊ាន គឺជាអង្គភាពទទួលទំនាក់ទំនង។

១៥. មុននឹងខ្ញុំ បញ្ចប់ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមធ្វើការថ្លែងអំណគុណសារជាថ្មីដល់ប្រទេសឥណ្ឌូនេស៊ីដែលបាន គាំទ្រដល់កម្ពុជា សម្រាប់ការលើកពេលរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ និងការពន្យារពេលភាព ជាប្រធានទេសចរណ៍អាស៊ាន រហូតដល់ឆ្នាំ២០២១។

១៦. តំណាងឲ្យថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន ខ្ញុំសូមចូលរួមជាមួយគណៈប្រតិភូទាំងអស់ ដើម្បីអបអរសាទរ ដោយការពេញចិត្តខ្ពស់ ដល់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះឡើង។ ១៧. ខ្ញុំសូមជូនពរឲ្យកិច្ចប្រជុំទទួលបានជោគជ័យខ្ពស់។

១៨. សូមអញ្ជើញមកទស្សនា នៅប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ៖ ផ្ដល់ភាពកក់ក្ដៅ និងចូលរួម ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖