ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ិន ម៉ានិត បានមានប្រសាសន៍ថា, ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ថ្ងៃនេះខ្ញុំមានឱកាសបានឡើងធ្វើបទបង្ហាញ និងចែករំលែកបទពិសោធមួយចំនួន ជូនលោកអ៊ុំ ពូមីង បងប្អូនសិក្ខាកាម ដែលជាប្រធាន អនុប្រធាន និងមន្ត្រីត្រួតពិនិត្យគណបក្ស មកពីបណ្តារាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងមកពីក្រសួង-ស្ថាប័ន អំពីការងារត្រួតពិនិត្យគណបក្ស។
លោកក៏សូមថ្លែងអំណរគុណដល់លោកអ៊ុំ ពូមីង បងប្អូន សិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាចូលរួមយ៉ាងផុសផុល ត្រង់ត្រាប់ស្តាប់នូវបទបង្ហាញពាក់ព័ន្ធការងារត្រួតពិនិត្យ ដើម្បីទទួលបានចំណេះដឹង បទពិសោធ និងធាតុចូលបន្ថែមទៀត សម្រាប់ការអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព។
លោក ហ៊ុន ម៉ានិត បានថ្លែងបន្តថា, ខ្ញុំសង្ឃឹមថាមន្ត្រីត្រួតពិនិត្យគណបក្សរបស់យេីង នឹងប្រើប្រាស់ចំណេះដឹងនេះជាមូលដ្ឋាន និងលទ្ធផលផ្លែផ្កាដែលកើតចេញពីវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យមួយនេះ ដើម្បីអនុវត្តការងារឱ្យបានជោគជ័យ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មានទស្សនៈគោលជំហររឹងមាំ មានសមត្ថភាព គុណធម៌ សីលធម៌ល្អ យុត្តិធម៌ ស្មោះត្រង់ និងមិនលំអៀង ៕
ដោយ ៖ សិលា