ភ្នំពេញ ៖ ក្រុមការងារស្រ្តី យុវជន យេនឌ័រ និងកុមារ នៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារស្រ្តី យុវជន យេនឌ័រ និងកុមារ ក្នុងវិស័យបរិស្ថានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការ រួមនឹងថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារ នៅទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ ចំពោះក្រុមការងារទាំងអស់ ដែលមានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសយេនឌ័រ គណៈកម្មការសម្របសម្រួលបច្ចេកទេសកុមារតូចវិស័យបរិស្ថាន និងសហភាពសហព័ន្ធយុវជនវិស័យបរិស្ថាន ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលការងារល្អប្រសើរ ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក តាមរយៈកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារតាមជំនាញ។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា ក្រុមការងារទាំងបួន (ស្រ្តី យុវជន យេនឌ័រ និងកុមារ) បានសហការគ្នាល្អក្នុងការអនុវត្តការងារ និងបានឱ្យតម្លៃគ្នាទៅវិញទៅមកដែលជាគុណប្រយោជន៍ដើម្បីសម្រេចគោលដៅរួម។
ជាមួយគ្នានេះដែរ លោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការ បានថ្លែងថា បញ្ហាយេនឌ័រមិនមែនគ្រាន់តែផ្ដោតលើវិសមភាពរវាងបុរស និងស្រ្ដី តែក៏គិតគូរផងដែរលើការគាំទ្រ និងបង្កឱកាសដល់កុមារា កុមារី យុវជន និងក្រុមងាយរងគ្រោះ ឱ្យទទួល បានសិទ្ធិ និងផលប្រយោជន៍គ្រប់ៗគ្នា។ ជាក់ស្ដែង ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ចំនួន៣លើក រួចមកហើយចាប់តាំងពីឆ្នាំ២០០៩មក ៕
ដោយ : សហការី