ខេត្តឧត្ដរមានជ័យ ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា របស់គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ។
មានមតិនៅក្នុងពិធីនេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាសម្រេចបាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់ និងបញ្ជៀសប្រទេសឲ្យរួចផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងរក្សាបានសន្តិភាព នៅទូទាំងប្រទេស។
លោកទេសរដ្ឋមន្រ្តី បានកោតសរសើដល់ក្រុមការងារគ្រប់ថ្នាក់ បានរួមសាមគ្គី ឯកភាពគ្នាប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ចុះទៅដល់មូលដ្ឋាន តាមខ្នងផ្ទះជួយប្រជាពលរដ្ឋ ដែលជួបលំបាកបានទាន់ពេលវេលា និងបានចូលរួមកាន់បិណ្ឌ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងខេត្ត។
លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ត្រីគ្រប់ថ្នាក់ ត្រូវបង្កើនប្រសិទ្ធភាពការងារ ខិតខំបម្រើសេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា តម្លាភាព កុំរើសអើង និងត្រូវមានសីលធម៌ល្អ បន្តធ្វើអំពើល្អថែមទៀត ដើម្បីប្រមូលបាននូវសមានចិត្តពីប្រជាពលរដ្ឋ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដោយក្តីស្រឡាញ់ពេញចិត្ត នឹងត្រូវបន្តដោះស្រាយបញ្ហាប្រឈម ដែលកើតមាននៅមូលដ្ឋាន និងបញ្ហាសេសសល់ ដែលបានសន្យាជាមួយគាត់កន្លងមក ឱ្យសមនឹងការជឿទុកចិត្តរបស់ប្រជាជនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕
ដោយ : សិលា